សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបអគ្គនាយកប្រតិបត្តិក្រុមហ៊ុន SIEMENT LIMITED THIALAND

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ជៀង​ យ៉ា​រ៉េត​ និង​លោក​អ៊ូ​ កាណែល​៖

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកMarkus Lorenzini អគ្គនាយកប្រតិបត្តិក្រុមហ៊ុន SIEMENT LIMITED THIALAND នៅវិមានសន្តិភាពកាលពីរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ ២០១៩។

ក្នុងជំនួបនោះ លោកMarkus Lorenzini បានគោរពជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ថា ក្រុមហ៊ុន​SIEMENT LIMITED មានការិយាល័យប្រចាំការនៅទីក្រុងបាងកក ប្រទេសថៃ ហេីយក្រុមហ៊ុននេះ មានវត្តមាននៅក្នុងប្រទេសកម្ពុជាជាង២០ឆ្នាំមកហើយ។ លោក Markus Lorenzini ក៏បានអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតអោយលោកបានជួបសំដែងការគួរសមនាពេលនេះ។ លោកធ្លាប់បានជួបសម្ដេចកាលពីឆ្នាំ២០១៧ ដែលកាលនោះកម្ពុជារៀបចំកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាននៅទីក្រុងភ្នំពេញ ។​លោកបានមានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោកពិតជាមានឆន្ទៈ និងកិត្តិយស បានបន្តធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជាដែលកន្លងទៅនេះ​ ថ្វីដ្បិតតែមានវត្តមាននៅប្រទេសកម្ពុជាជាង២០ឆ្នាំ តែអ្វីដែលលោកឃើញជាក់ស្ដែងគឺកម្ពុជាមានការរីកចម្រើនទៅលើការអភិវឌ្ឍច្រើនទៅលើសេដ្ឋកិច្ចសង្គម។

លោកបានបន្តថា កន្លងមកលោកបានធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយវិស័យរដ្ឋនិងវិស័យឯកជន ហើយលោកគិតថាប្រទេសកម្ពុជានឹងមានអនាគតដ៏ត្រចះត្រចង់ ជាពិសេសក្នុងការបន្តធ្វើការរួមគ្នាដោយលោកគិតថា កម្ពុជានឹងមានដំណើរទៅមុខ នឹងក្លាយទៅជាប្រទេសក្នុងលំដាប់ឈានមុខក្នុងអាស៊ីបូព៌ា និងនៅក្នុងអា ស៊ាន។ បច្ចុប្បន្នក្រុមហ៊ុនរបស់លោកបានសហ ការជាមួយក្រសួងរ៉ែ និងថាមពល ជាពិសេសបច្ចុប្បន្នមានការពិភាក្សាជាច្រើនលើវិស័យថាម ពល។ លោកបានចាត់ទុកថា អ្វីដែលសំខាន់គឺការបន្តធ្វើយ៉ាងណាឲ្យវិស័យអគ្គិសនីមានស្ថិរ ភាព និងគ្រប់គ្រាន់ដើម្បីជាការអូសទាញការវិនិយោគផ្សេងទៀត។

សម្ដេចតេជោ ហ៊ុន សែន បានអរគុណដល់លោក Markus Lorenzini ជាពិសេសក្រុមហ៊ុនរបស់លោកដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា ហើយអរគុណក្រុមហ៊ុន ដែលបានបន្តសហការជាមួយក្រុមហ៊ុនឯកជន និងវិស័យរដ្ឋាភិបាលជាពិសេសក្រសួងរ៉ែ និងថាមពល។ សម្តេចតេជោបានបន្តថា បច្ចុប្បន្នប្រទេសកម្ពុជាកំពុងសហការជាមួយអាល្លឺម៉ង់ផងដែរ ទៅលើវិស័យថាមពលអគ្គិសនីនេះ ជាពិសេសសម្ដេចចង់ឃើញក្រុម ហ៊ុនរបស់លោកបន្តមានកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាទៅលើវិស័យថាមពលអគ្គិសនីនេះ។ សម្តេចបន្តថា កម្ពុជាត្រូវការខ្លាំងលើវិស័យអគ្គិសនី ដើម្បីបំពេញដល់វិស័យផ្សេងៗជាច្រើនទៀត ដូច្នេះកម្ពុជាត្រូវតែបន្តការវិនិយោគលើវិស័យថាមពលអគ្គិសនីនេះជាបន្តបន្ទាប់ទៀត។ សម្តេចតេជោក៏បានមានប្រសាសន៍ថាកម្ពុជាបានឆ្លងកាត់ការលំបាកជាច្រើនទាក់ទងទៅនឹងការ ប្រើប្រាស់ថាមពលអគ្គិសនីនេះ ក៏ប៉ុន្តែក្រោយពីប្រទេសយើងទទួលបាននូវសុខសន្តិភាព គឺយើងបានចាប់ផ្ដើមអភិវឌ្ឍវិស័យនេះឲ្យមានការរីក ចម្រើនជាបន្តបន្ទាប់។ នៅពេលនេះប្រជាពលរដ្ឋកម្ពុជាយើងប្រើប្រាស់រហូតដល់ទៅជាង៧៣% ឯណោះនៃអគ្គិសនី ហើយ៩២% នៃជនបទ គឺមានអគ្គិសនីប្រើប្រាស់។

សម្តេចតេជោ បានគូសបញ្ជាក់ផងដែរថា កន្លង មកនេះ មានការចុះហត្ថលេខាជាមួយប្រទេសឡាវ និងប្រទេសផ្សេងទៀតក្នុងការទិញម៉ាស៊ីន ភ្លើងនិងប្រភពអគ្គិសនីជាដើម។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តយកចិត្តទុកដាក់ចំពោះវិស័យថាម ពលនេះ ហើយមិនត្រឹមតែអគ្គីសនីទេជាពិសេសទៅលើគម្រោងថាមពលនៃបរិស្ថានផងដែរតាម រយៈការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ។សម្តេចតេជោក៏បានគាំទ្រឲ្យក្រសួងរ៉ែ និងថាម ពលសហការជាមួយក្រុមហ៊ុននេះជាបន្តទៀតជាពិសេសការបណ្ដុះបណ្ដាលធនធានមនុស្សទៅលើវិស័យនេះ។

លោក Markus Lorenzini ក៏បានគូស បញ្ជាក់ថា ក្រុមហ៊ុនរបស់លោកមានឆន្ទៈក្នុងការបន្តវត្តមាននៅក្នុងប្រទេសកម្ពុជា ធ្វើយ៉ាងណាឲ្យប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ និងចូលរួមក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សរបស់ប្រទេសកម្ពុជាផងដែរ៕