រដ្ឋបាលរាជធានីភ្នំពេញដាក់ឱសានវាទរយៈពេល១សប្តាហ៍ឲ្យម្ចាស់ខ្សែកាប្លិ៍រុះរើបណ្តាញរបស់ខ្លួននៅលើដងផ្លូវចំនួន៣

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ យី វិច្ឆិកា ០៨ ១០ ២០១៩៖

រដ្ឋបាលរាជធានីភ្នំពេញដាក់ឱសានវាទរយៈពេល១សប្តាហ៍ឲ្យម្ចាស់ខ្សែកាប្លិ៍រុះរើបណ្តាញរបស់ខ្លួនលើកំណាត់ផ្លូវចំនួន៣ដើម្បីឲ្យអាជ្ញាធររៀបចំលើកកម្ពស់សោភ័ណភាព និងសណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញឲ្យកាន់តែស្រស់បំព្រង និងសក្តិសមជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រាប់ឲ្យម្ចាស់អាជីវកម្ម អង្គភាពរដ្ឋ និងបណ្តាក្រុមហ៊ុនឯកជនទាំងអស់ ប្រញាប់រួសរាន់ចុះរុះរើខ្សែកាប្លិ៍របស់ខ្លួនចេញជាបន្ទាន់នៅលើ វិថីលេខ ១៣ ចាប់ពីផ្លូវលេខ ១០៦ ដល់ផ្លូវលេខ ៩៨ ចុះអនុវត្តចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី២៥ ខែតុលា វិថីលេខ ១០២ ចាប់ពីផ្លូវលេខ ១៩ ដល់រុក្ខវិថីព្រះស៊ីសុវត្ថិ ចុះអនុវត្តចាប់ពីថ្ងៃទី ២៨ ខែតុលា ដល់ថ្ងៃទី០១ ខែ វិច្ឆិកា និងវិថីលេខ ១០៤ ចាប់ពីផ្លូវលេខ ១៣ ដល់រុក្ខវិថីព្រះស៊ីសុវត្ថិ ដោយអនុវត្ត ចាប់ពីថ្ងៃទី ១៨ ខែ ដល់ថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ២០១៩ ។

សេចក្តីជូនដំណឹងរបស់ ឯកឧត្តម ឃួង ស្រេង បានណែនាំឲ្យម្ចាស់អាជីវកម្ម អង្គភាពរដ្ឋ បណ្តាក្រុមហ៊ុនឯកជនទាំងអស់ ត្រូវសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាព ព្រមទាំងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកដែលប្រព្រឹត្តខុស ដែលធ្វើឲ្យប៉ៈពាល់ដល់ សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញ ៕