អភិបាល ខេត្តកំពង់ចាម លើកទឹកចិត្តដល់កុមារកំព្រា ខិតខំ សិក្សារៀនសូត្រ ដើម្បី ទទួលបានចំណេះដឹងសម្រាប់កសាងអនាគតខ្លួនឯង

វិទ្យុជាតិកម្ពុជា៖ដោយលោក ចិនសារ៉ាត ខេត្តកំពង់ចាម៖

ភ្នំពេញ៖ អភិបាល ខេត្តកំពង់ចាម បានលើកទឹកចិត្ត ដល់ក្មួយៗ ដែលជាកុមារកំព្រា យកចិត្តទុកដាក់ខិតខំសិក្សារៀនសូត្រ ដើម្បី ទទួលបានចំណេះដឹង និងសមត្ថភាពខ្ពង់ខ្ពស់ សម្រាប់កសាងអនាគតខ្លួនឯង ។
ក្នុងឱកាសអញ្ជើចុះពិនិត្យ ស្ថានភាព និងសួរសុខទុក្ខដល់បុគ្គលិក ម៉ែដោះ ក្មួយៗកុមារកំព្រា នៅ មជ្ឈមណ្ឌលកុមារកំព្រា និងមណ្ឌលសំចត ខេត្តកំពង់ចាម នាព្រឹក ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានណែនាំដល់ប្រធានមណ្ឌល និងស្ថាប័នពាក់ព័ន្ធ ត្រូវរាយការណ៍អំពីបញ្ហាប្រឈមនានា ដែលកើតឡើង ក្នុងជីវភាពប្រចាំថ្ងៃ របស់មណ្ឌលកុមារ កំព្រា ជាពិសេស ការកង្វះខាតនូវស្បៀងអាហារ សម្រាប់បំរើ ដល់ ការហូកចុករបស់ក្មួយៗ និងលោកគ្រូ អ្នកគ្រូដែលគ្រប់គ្រងការងារ នៅទីនេះ ដើម្បី យើងរកវិធីដោះស្រាយបានទាន់ពេលវេលា ។
ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំទៅដល់ ក្មួយៗកុមារកំព្រា នៅក្នុងមណ្ឌលទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បី អនាគតខ្លួនឯង និងអនាគត របស់ប្រទេសជាតិ ។ ក្រៅពីនោះ ក្មួយៗ ទាំងអស់ ត្រូវជៀសចាក់ឆ្ងាយពីគ្រឿងញៀន ពីព្រោះថា គ្រឿងញៀននាំឲ្យផលប៉ះពាល់ដល់សុខភាព និងអនាគតខ្លួនឯង ក៏ដូចជា សង្គមជាតិទាំងមូល ផងដែរ ។
នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានភ្ជាប់ជាមួយអាហារ នំប៉័ងចែកជូនក្មួយៗ និងម៉ែដោះ ផងដែរ ។ ដោយឡែក ជាការឆ្លើយតបទៅនឹងស្ថានភាពលំបាកនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានជួយឧបត្ថម្ភជាអង្ករប្រចាំខែ ក្នុងខែ ៥០០គីឡូក្រាម ។ ជាមួយគ្នានេះមន្ទីរសង្គមកិច្ចជួយឧបត្ថម្ភជាអង្ករចំនួន ៥០០គីឡូក្រាម សរុបក្នុង ១ខែ អង្ករ ១តោនបន្ថែមលើរបបប្រចាំខែ ដែលរដ្ឋបានផ្ដល់ជូន នាពេលកន្លងមក ផងដែរ ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន មជ្ឈមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម មានកុមារ ក្នុងមណ្ឌល សរុប ៦៤នាក់ នៅក្នុងឆ្នាំ២០១៩នេះ កុមារ ចំនួន ៥នាក់ ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ផងដែរ ។ ក្រៅពីនោះ មជ្ឈមណ្ឌល មានមន្ត្រីក្របខណ្ឌ និងបុគ្គលិកកិច្ចសន្យា ១១នាក់ ដែលកំពុងអនុវត្តផែនការ សកម្មភាព ប្រចាំឆ្នាំ របស់មណ្ឌល សម្រេចលទ្ធផលបាន ៖ សេវាគាំទ្រការបង្កើនប្រសិទ្ធភាពសេវាសុខុមាលភាពសង្គម ប្រជុំមេដោះ ០២សប្តាហ៍ម្តង និង ១ខែ ម្តង ក្នុងការមើលថែទាំកុមារ ម្ហូបអាហារ សំលៀកបំពាក់ អនាម័យ និងតាមដានការសិក្សារបស់កូនៗតាមបន្ទប់ ប្រជុំកុមារ ១ខែ ម្តង ។ ចំពោះ វិន័យ ក្នុងការគោរពបទបញ្ជាផ្ទៃក្នុងមណ្ឌល វិញ គឺក្មួយៗ តែងស្តាប់នូវដំបូន្មានមេដោះ គោរពចាស់ទុំ ចេះស្រលាញ់គ្នា ចេះជួយគ្នាទៅវិញទៅមក ជាសពិសេស មណ្ឌលតែជំរុញការសិក្សាឱ្យកុមារខិតខំរៀនសូត្រ មេដោះនាំកុមារដាំដំណាំ (ស្រូវ ស្ពៃខៀវ ត្រកួន ពោត ចិញ្ចឹមមាន់ ទា និងត្រី) ជានិច្ច ៕