សហភាពអឺរ៉ុបបញ្ចប់យុទ្ធនាការសប្តាហ៍បៃតងរបស់ខ្លួន ជាមួយនឹងការសម្អាតទីសាធារណៈ

វិទ្យុជាតិកម្ពុជា៖លោវ៉ាង ភក្តី
ភ្នំពេញ៖ប្រតិភូនៃសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា រួមគ្នាជាមួយនឹងស្ថានទូតរដ្ឋជាសមាជិកសហភាពអឺរ៉ុប ក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ហើយនិងអេកូយុវទូត (Young Eco Ambassador) នឹងបញ្ចប់យុទ្ធនាការសប្តាហ៍បៃតងរបស់សហភាពអឺរ៉ុប ជាមួយនឹងការសម្អាតទីសាធារណៈ តាមបណ្តោយទន្លេសាប ចាប់ពីសួនជ្រោយចង្វារហូតដល់សហគមន៍នេសាទជិតសណ្ឋាគារសុខានៅថ្ងៃ អាទិត្យ ទី ៦ ខែ តុលា ចាប់ពីម៉ោង ៧:៣០ នាទីព្រឹកតទៅ។
ការសម្អាតនេះ នឹងចូលរួមដឹកនាំដោយឯកឧត្តម នេត្រ ភក្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកFranck Viault ភារធារីស្តីទី នៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា។ ប្រជាពលរដ្ឋ និងសកម្មជនបរិស្ថានប្រមាណជាង៣០០ នាក់ រំពឹងថានឹងចូលរួមក្នុងយុទ្ធនាការ សម្អាតទីសាធារណៈនេះ។ អ្នកសារព័ត៌មាន និងអ្នកថតរូប ក៏នឹងត្រូវបានស្វាគមន៍ឱ្យចូលរួមផងដែរ។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី៤ ខែតុលានេះ បានឱ្យដឹងថា យុទ្ធនាការសម្អាតទីសាធារណៈនេះ គឺជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ជាច្រើន ដែលរៀបចំដោយ
ប្រតិភូសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា ជាមួយនិងក្រុមការងារអេកូយុវទូត ដើម្បីអបអរសាទរសប្តាហ៍បៃតងរបស់
សហភាពអឺរ៉ុប ក្នុងគោលបំណងជំរុញពនឿនការអនុវត្តវិធានការទូទាំងសកលលោក ដើម្បីឆ្លើយតបចំពោះការប្រែប្រួល
អាកាសធាតុ ការបំពុលបរិស្ថាន និងសំណល់ប្លាស្ទិក។ ព្រឹត្តិការណ៍ផ្សេងៗជុំវិញយុទ្ធនាការនេះ ដែលបានប្រព្រឹត្តិឡើង
តាំងពីថ្ងៃទី ២៨ ខែ សីហា រួមមាន៖ កិច្ចសន្ទនាជាបន្តបន្ទាប់ ក្នុងក្របខ័ណ្ឌសប្តាហ៍បៃតងរបស់សហភាពអឺរ៉ុប រវាងក្រុមការងារអេកូយុវទូតចំនួន២០ រូប ជាមួយនិងក្រសួងបរិស្ថាន សហភាពអឺរ៉ុប និងរដ្ឋជាសមាជិក រួមមានដូចជា ស្ថានទូតសាធារណរដ្ឋឆែក អាល្លឺម៉ង់ ស៊ុយអែត បារាំង និងចក្រភពអង់គ្លេស។សកម្មភាពចុះអប់រំផ្សព្វផ្សាយដល់សហគមន៍មួយចំនួន ដែលក្រុមការងារអេកូយុវទូតជំនាន់ប្លាស្ទិកបានចូល
ជួបជាមួយនឹងសហគមន៍នេសាទនៅក្នុងភូមិចុងកោះ និងអ្នកលក់តាមផ្លូវជិតសួនជ្រោយចង្វា ដើម្បីចែករំលែក
ចំណេះដឹងស្តីអំពីការប្រើប្រាស់ប្លាស្ទិក ដែលប្រើបានតែមួយដង និងការគ្រប់គ្រងសំណល់។ យុទ្ធនាការតាមបណ្តាញសង្គមសម្រាប់រយៈពេលពេញមួយខែ ស្តីពីយុទ្ធសាស្រ្តប្រើប្រាស់ប្លាស្ទិកដែលប្រើបានតែមួយដងរបស់សហភាពអឺរ៉ុប ដើម្បីលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់បណ្តាញសង្គម ចូលរួមនិយាយថា “ទេ”ចំពោះផលិតផលប្លាស្ទិក ដែលអាចប្រើប្រាស់បានតែមួយដង ។
លោក Franck Viault ភារធារីនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា មានប្រសាសន៍ថា “ការបំពុលដោយប្លាស្ទិក គឺជា
បញ្ហាធំចំបងមួយក្នុងចំណោមបញ្ហាបរិស្ថានធំៗជាច្រើនទៀត ដែលកើតឡើងជាទូទៅជាងគេ។ ក្នុងចំណោមប្លាស្ទិកទាំង
អស់ដែលត្រូវបានប្រើប្រាស់ មានពាក់កណ្តាលជាប្លាស្ទិកដែលប្រើប្រាស់បានតែមួយដងប៉ុណ្ណោះ ហើយប្លាស្ទិកបែបនេះរហូតដល់ ៩០% ត្រូវបានគេចោលដោយផ្ទាល់ទៅក្នុងទន្លេ និងសមុទ្ររបស់យើង។ សហភាពអឺរ៉ុប លើកទឹកចិត្តឱ្យមានការកែច្នៃ ប៉ុន្តែការកែច្នៃតែមួយមុខ គឺមិនគ្រប់គ្រាន់នោះឡើយ។ តាំងនាមតំណាងឱ្យប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជានិងរដ្ឋជាសមាជិករបស់យើងខ្ញុំសូមអំពាវនាវសូមគ្រប់គ្នានិយាយថា ទេ ចំពោះផលិតផលប្លាស្ទិកដែលប្រើប្រាស់បានតែមួយដង”។ លោក Franck Viault មានប្រសាសន៍បន្ថែមទៀតថា “នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ យុវជននៅអឺរ៉ុប និងបណ្តាប្រទេសផ្សេងទៀត បានលើកឡើងពីជំហរយ៉ាងជាក់ច្បាស់អំពីការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់ដែលធ្វើឱ្យមហន្តរាយដល់ភពផែនដី និងមនុស្សជាតិ។ យុវជនកំពុងធ្វើឱ្យសំឡេងរបស់ពួកគេ ត្រូវបានទទួលដឹងឮហើយពួកគេបានស្នើឱ្យរដ្ឋាភិបាល ក្រុមហ៊ុន និងយើងទាំងអស់គ្នាចាត់វិធានការ ។ សហភាពអឺរ៉ុបទទួលស្គាល់ការអំពាវនាវឱ្យមានការចាត់វិធានការពីសំណាក់យុវជន។ យើងទាំងអស់គ្នាត្រូវឆ្លើយតបចំពោះបញ្ហាប្រឈមដែលពាក់ព័ន្ធនឹងអាកាសធាតុ និងការបំពុលបរិស្ថានរួមគ្នា។ មានគំនិតផ្តួចផ្តើមល្អៗជាច្រើន បានចាប់ផ្តើមដំណើរការនៅទូទាំងពិភពលោក។
នៅកម្ពុជា សហភាពអឺរ៉ុប បាននឹងកំពុងគាំទ្រដល់សកម្មភាពឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុជាយូរមកហើយ ហើយនៅពេលថ្មីៗនេះ បានសន្យាផ្តល់ថវិកាចំនួន ៦ លានអឺរ៉ូ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុ៕