ការសិក្សាស្រាវជ្រាវថ្មីៗចំនួន២បង្ហាញថា វិធានការ សាធារណៈអាចបង្កើនការវិនិយោគលើការបណ្ដុំទៅនឹងការប្រែប្រួលអាកាសធាតុ និងថាមពលពន្លឺព្រះអាទិត្យ

វិទ្យុជាតិកម្ពុជា៖ លោក វ៉ាង ភក្តី 

ការសិក្សាស្រាវជ្រាវថ្មីៗចំនួន២បង្ហាញថា វិធានការ សាធារណៈអាចបង្កើនការវិនិយោគលើការបណ្ដុំទៅនឹងការប្រែប្រួលអាកាសធាតុ និងថាមពលពន្លឺព្រះអាទិត។

វិធានការគោលនយោបាយសាធារណៈទាំងនេះអាចកាត់បន្ថយហានិភ័យ និងជួយសម្រួលនូវបរិយាកាសអំណោយផលសម្រាប់វិនិយោគិនវិស័យឯកជន ដែលមានបំណងវិនិយោគលើវិធានការបន្សំទៅនឹងការប្រែប្រួលអាកាសធាតុ និងលើគម្រោងថាមពលពន្លឺព្រះអាទិត្យ។

ថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវរបាយការណ៍ស្រាវជ្រាវដែលមានឈ្មោះថា «ដំណោះស្រាយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុលើកំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា” និងការកាត់បន្ថយហានិភ័យវិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញ នៅប្រទេសកម្ពុជា (DREI)” នៅរសៀលថ្ងៃទី៤ ខែតុលានេះឯកឧត្តម សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា របាយការណ៍ទាំងពីរនេះ មានទំនាក់ទំនងជាមួយ នឹងគោលដៅរួមក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការបង្កើនភាពធន់នៃសេដ្ឋកិច្ចកម្ពុជា។ ឯកឧត្តមបានបន្តថា របាយការណ៍ស្តីពីដំណោះស្រាយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុលើកំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា បានរកឃើញថា ត្រឹមឆ្នាំ២០៥០ ការប្រែប្រួលអាកាសធាតុនឹងនាំឱ្យអត្រាកំណើន

ផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) នៅកម្ពុជាថយចុះ ៩,៨% ដោយសារការថយចុះផលិតភាពពលកម្មនិយោជិត ព្រោះតែកំណើនសីតុណ្ហភាព ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរដែលបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធការបាត់បង់ទិន្នផលកសិកម្ម ជាដើម។ ជាការឆ្លើយតបរបាយការណ៍នេះបានដាក់ជូននូវអនុសាសន៍គោល

នយោបាយសម្រាប់គាំទ្រវិនិយោគលើការបណ្ដុំទៅនឹងការប្រែប្រួលអាកាសធាតុ ដែលអាចកាត់បន្ថយផលប៉ះពាល់

អវិជ្ជមានមកលើសេដ្ឋកិច្ចកម្ពុជា រហូតដល់ ២ ភាគ ៣។ ស្របពេលជាមួយគ្នានេះដែរ របាយការណ៍ DREI បានបង្ហាញពីបណ្ដាវិធានការដែលមានប្រសិទ្ធភាពចំណាយ សម្រាប់ជំរុញឱកាសវិនិយោគក្នុងអនុវិស័យថាមពល

ពន្លឺព្រះអាទិត្យទាំង៤៖ ១) ថាមពលពន្លឺព្រះអាទិត្យខ្នាតធំ ២) ថាមពលពន្លឺព្រះអាទិត្យបំពាក់នៅលើដំបូល ៣) ប្រព័ន្ធបណ្តាញខ្នាតតូចថាមពលពន្លឺព្រះអាទិត្យនិងអាគុយ និង៤)ប្រព័ន្ធពន្លឺព្រះអាទិត្យដែលបំពាក់តាមផ្ទះ។

របាយការណ៍នេះក៏បានរកឃើញផងដែរថា ការវិនិយោគលើថាមពលពន្លឺព្រះអាទិត្យត្រឹមតែជាង ៧០០MW អាចកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកប្រមាណ ៨,៧ លានតោនដោយផ្ទាល់ត្រឹមឆ្នាំ២០៤៥។

ឯកឧត្តម រស់ សីលវ៉ា អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា កម្ពុជាស្ថិតក្នុងចំណោម ប្រទេសក្នុងតំបន់អាស៊ីដែលងាយទទួលរងគ្រោះខ្លាំងដោយសារការប្រែប្រួលអាកាសធាតុ ខណៈដែលសមត្ថភាពស្ថាប័នក្នុងការកាត់បន្ថយ និងការបន្សំនឹងការប្រែប្រួលអាកាសធាតុនៅមានកម្រិតនៅឡើយ។ ឯកឧត្តមបន្តថា នេះជាហានិភ័យមួយដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់ល្បឿននៃការជំរុញកំណើនសេដ្ឋកិច្ច និង ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងរយៈពេលវែង ប្រសិនបើយើងមិនបង្កើនកិច្ចខិតខំប្រឹងប្រែងដោះស្រាយរួមគ្នា។

របាយការណ៍ DREI របស់កម្ពុជា គឺជារបាយការណ៍ស្តីពីការកាត់បន្ថយហានិភ័យទីមួយនៅលើពិភពលោកដែលផ្តោតជាក់លាក់លើថាមពលពន្លឺព្រះអាទិត្យ ដោយបានសិក្សាលើ បច្ចេកវិទ្យាថាមពលពន្លឺព្រះអាទិត្យដែលភ្ជាប់ជាមួយនឹងបណ្តាញរដ្ឋផង និងដែលមិនភ្ជាប់ជាមួយនឹងបណ្ដាញរដ្ឋផង។ ឱកាសភ្ជាប់ជាមួយនឹងបណ្ដាញរដ្ឋ(ប្រព័ន្ធខ្នាតធំ និងប្រព័ន្ធបំពាក់លើដំបូល) មានសក្តានុពលផ្តល់នូវប្រភពថ្មីសម្រាប់ផលិតអគ្គិសនីដែលស្អាត និងមានការប្រកួតប្រជែងផ្នែកតម្លៃ ព្រមទាំងលើកកម្ពស់សន្តិសុខថាមពលសម្រាប់ប្រទេសកម្ពុជា។ បច្ចេកវិទ្យាថាមពលពន្លឺ ព្រះអាទិត្យដែលមិនភ្ជាប់ជាមួយនឹងបណ្ដាញរដ្ឋ(ប្រព័ន្ធបណ្តាញខ្នាតតូចថាមពលពន្លឺព្រះអាទិត្យ និងអាគុយ និងប្រព័ន្ធថាមពន្លឺព្រះអាទិត្យដែលបំពាក់តាមផ្ទះ) មានសក្តានុពលបង្កើនលទ្ធភាពទទួលបានថាមពល និងគុណភាពនៃសេវាថាមពលនៅតាមតំបន់ដាច់ស្រយាល។ គំរូនេះបង្ហាញថា ការចាត់វិធានការកាត់បន្ថយហានិភ័យដូចដែលផ្តល់ជូនជាអនុសាសន៍ទាំងនេះនឹងនាំមកនូវការសន្សំសំចៃ។ គំរូនេះអស់ចំណាយប្រមាណ ៦៨លានដុល្លារ(គិតរហូតដល់ឆ្នាំ២០៣០) និងអាចនាំឱ្យមានការសន្សំប្រាក់បាន ១៤៦ លានដុល្លារសម្រាប់សេដ្ឋកិច្ច ខណៈពេលដែលភាពជឿនលឿនខាងបច្ចេកវិទ្យាថាមពលកកើតឡើងវិញ និងថាមពលស្អាត ដំបូងឡើយបានផ្តល់នូវលទ្ធភាពឱ្យគេអាចច្របាច់វិធានការអាកាសធាតុ និងកំណើនសេដ្ឋកិច្ចបញ្ចូលគ្នា វិធានការគោលនយោបាយ សាធារណៈដូចជា វិធានការដែលបានផ្តល់ជាអនុសាសន៍នៅក្នុងរបាយការណ៍នេះ មានតួនាទីយ៉ាងសំខាន់ដើម្បីជួយពង្រឹង និងសម្របសម្រួលដល់ទំនាក់ទំនងបែបនេះនៅក្នុងការអនុវត្តជាក់ស្តែង៕