ក្រសួងជំនាញថា ផ្លូវដែលខូចដោយទឹកជំនន់ទាំងអស់នឹងត្រូវធ្វើការជួសជុលក្រោយបញ្ចប់រដូវភ្លៀង

វិទ្យុជាតិកម្ពុជា៖
ភ្នំពេញ: ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសថា ផ្លូវដែលខូចដោយទឹកជំនន់ទាំងអស់នឹងត្រូវធ្វើការជួសជុលក្រោយបញ្ចប់រដូវភ្លៀងវស្សា ដើម្បីធ្វើឲ្យប្រសើរឡើងវិញនូវប្រព័ន្ធដឹកជញ្ជូន និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ក្រសួងត្រៀមបញ្ចេញគ្រឿងចក្រ ដើម្បីសម្រុកធ្វើការជួលជុលជាបន្ទាន់នូវកំណាត់ផ្លូវដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង បន្ទាប់ពីទឹកភ្លៀងឈប់ធ្លាក់នៅក្នុងអំឡុងចុងខែតុលានេះ
សំដៅសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋ ការដឹកជញ្ជូនទំនិញ និងការធ្វើដំណើររបស់ភ្ញៀវទេសចរ ក្នុងអំឡុងពេលកម្ពុជាមានព្រឹត្តិការណ៍សំខាន់ៗដូចជា ពិធីបុណ្យសមុទ្រនៅខេត្តកំពត និងការប្រណាំងកង់ជាលក្ខណៈអន្តរជាតិពីខេត្តកោះកុងដល់ខេត្តកំពតនាពេលខាងមុខនេះ។
ថ្លែងក្នុងកម្មវិធីបើកយុទ្ធនាការ«បណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសជួសជុលថែទាំផ្លូវ
និងការប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App)»នៅទីស្តីការក្រសួង ព្រឹកថ្ងៃទី៤ ខែតុលានេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា កំណាត់ផ្លូវដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងនាពេលកន្លងមកនេះ មានប្រវែងសរុបជាង២០០គីឡូម៉ែត្រ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ ពីកំពត ទៅក្រុងព្រះសីហនុ កំណាត់ផ្លូវជាតិលេខ៤ ផ្លូវក្នុងខេត្តកែប កោះកុង មណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង កំពង់ឆ្នាំង ត្បូងឃ្មុំ កំពង់ស្ពឺ ជាដើម។

ឯកឧត្តម បានណែនាំដល់អង្គភាពពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ពង្រឹងគុណភាព ក្នុងការ សាងសង់ ជួសជុល និងថែទាំផ្លូវ ចុះត្រួតពិនិត្យនូវស្ថានភាពផ្លូវថ្នល់ឲ្យបានញឹកញាប់ និងចាត់វិធានការដោះស្រាយបញ្ហាផ្លូវខូចឲ្យបានទាន់ពេលវេលា ថែមទាំងចូលរួមទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលជាមូលហេតុធ្វើឲ្យផ្លូវថ្នល់ទទួលរងការខូចខាតមុនអាយុកាល។ ជាមួយគ្នានេះ ក៏បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋធ្វើការរាយការណ៍ពីគ្រលុកសំបុកមាន់ តាមរយៈកម្មវិធីថែទាំផ្លូវ ROAD CARE Mobile App ព្រមទាំងរាយការណ៍ពីករណីការរំលោភបំពានលើចំណីផ្លូវ មានដូចជាការចាក់ដីខ្ពស់ជាងថ្នល់ សាងសង់ផ្ទះ ឬប្រកបអាជីវកម្មផ្សេងៗ ដែលបំពានលើចំណីផ្លូវផងដែរ។
សូមបញ្ជាក់ថា កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ហៅកាត់UNDP បានជួយដល់ក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំយុទ្ធនាការ«បណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសជួសជុលថែទាំផ្លូវ និងការប្រើប្រាស់កម្មវិធីថែទាំផ្លូវ(ROAD CARE Mobile App)» ទូទាំង២៥រាជធានី-ខេត្ត សំដៅជំរុញការចូលរួមថែទាំផ្លូវថ្នល់ឲ្យមានលក្ខណៈល្អប្រសើរសម្រាប់ប្រជាពលរដ្ឋ លុបបំបាត់ផ្លូវខូច និងគ្រលុកសំបុកមាន់តាមដងផ្លូវនានាក្នុងរាជធានី-ខេត្ត ព្រមទាំងបង្កើនសុវត្ថិភាពចរាចរណ៍ ក្នុងការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងប្រទេសកម្ពុជា៕
អត្ថបទ៖ វ៉ាង ភក្តី ០៤ ១០ ២០១៩