ក្រសួងបរិស្ថានជំរុញឲ្យគ្រប់មជ្ឈដ្ឋានធានាគុណភាពនិងនិរន្តរភាពបរិស្ថាននៅកម្ពុជា

វិទ្យុជាតិកម្ពុជា៖ លោកវ៉ាងភក្តី

ភ្នំពេញ៖ ក្រសួងបរិស្ថានជំរុញឲ្យគ្រប់មជ្ឈដ្ឋានទាំងអស់ប្រតិបត្តិមេត្រីភាពបរិស្ថាន ដើម្បីធានាគុណភាពនិងនិរន្តរភាពបរិស្ថាននៅកម្ពុជា។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឲ្យដឹងថា ក្រសួងបានបង្កើតឲ្យមានគោលការណ៍លើកទឹកចិត្តមេត្រីភាពបរិស្ថាន តាមរយៈការផ្តល់ប័ណ្ណសរសើរមេត្រីភាពបរិស្ថាន វិញ្ញាបនបត្រទទួលស្គាល់ ការប្រកួតប្រជែងពានរង្វាន់ និងមេដាយដល់រូបវន្តបុគ្គល និងនីតិបុគ្គល ក្រសួង ស្ថាប័ន អង្គភាព សហគ្រាស រោងចក្រ ដើម្បីបង្កើនសកម្មភាពចូលរួមថែរក្សា ការពារបរិស្ថាន។
ថ្លែងក្នុងសិក្ខាសាលា ស្តីពីការលើកទឹកចិត្តមេត្រីភាពបរិស្ថាន នៅព្រឹកថ្ងៃទី៤ ខែតុលានេះ ឯកឧត្តម បានលើកឡើងថា ការកែប្រែផ្នត់គំនិត និងឥរិយាបថអវិជ្ជមានចំពោះបរិស្ថានទៅជាការធ្វើសកម្មភាពប្រតិបត្តិមេត្រីភាពបរិស្ថាន គឺជាកត្តាមួយចាំបាច់ដោយចាប់ផ្តើមពីបុគ្គលម្នាក់ៗ បន្តផ្សព្វផ្សាយដល់បុគ្គលច្រើននាក់ផ្សេងៗទៀត។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា«ប្រការសំខាន់ក្នុងការចាប់ផ្តើមមានទម្លាប់ល្អខាងបរិស្ថាន គឺផ្តើមចេញពីការចេះឈឺឆ្អាលក្នុងការសម្អាតអនាម័យបរិស្ថាន ការទុកដាក់វេចខ្ចប់សំណល់ដែលយើងបង្កើតទ្បើងឲ្យបានត្រឹមត្រូវ ពោលគឺចេះទុកដាក់សំណល់សំរាមក្នុងធុង មិនបោះចោលសំរាមពាសវាលពាសកាល ចេះសន្សំសំចៃថាមពលនៅផ្ទះ និងនៅកន្លែងធ្វើការ ចេះសន្សំសំចៃការប្រើប្រាស់ទឹក ការដាំដើមឈើ និងរុក្ខជាតិផ្សេងទៀតដើម្បីបរិស្ថានបៃតង»។ ឯកឧត្តមបន្តថា ការកែប្រែផ្នត់គំនិតសាធារណជនឲ្យមានឥរិយាបថចេះស្រទ្បាញ់ និងចូលរួមចំណែកថែរក្សា ការពារបរិស្ថាន មានទម្លាប់ល្អ និងប្រតិបត្តិល្អចំពោះបរិស្ថាន ពិតជាមានសារសំខាន់ណាស់ ក្នុងបរិការណ៍ដែលពិភពលោក ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់កាន់តែខ្លាំងឡើងៗទៅលើការបែ្រប្រួលអាកាសធាតុ និងខិតខំជំរុញការអភិវឌ្ឍបៃតងដែលជាប្រភពនៃកំណើនសេដ្ឋកិច្ចថ្មី ឆ្ពោះទៅកាន់ការអភិវឌ្ឍដោយចីរភាព ការកាត់បន្ថយភាពក្រីក្រ និងការរស់នៅដោយចីរភាព តាមរយៈកិច្ចគាំពារបរិស្ថាន ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព និងការលើកកម្ពស់ប្រសិទ្ធភាពថាមពល ជាដើម។ ឯកឧត្តម អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេស យុវជន សិស្ស និស្សិត ដែលជាសរសរទ្រូងដ៏រឹងម៉ាំរបស់ប្រទេសជាតិ ចូលរួមអនុវត្តទម្លាប់ល្អ ស្រលាញ់ និងថែរក្សា បរិស្ថាន ឲ្យកាន់តែច្រើនឡើងៗ ដើម្បីប្រែក្លាយប្រទេសកម្ពុជាក្លាយទៅជាប្រទេសមានបរិស្ថានស្អាត មានខ្យល់បរិសុទ្ធ ក្នុងបុព្វហេតុនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម កិច្ចគាំពារបរិស្ថាន និងការលើកកម្ពស់ជីវភាពរស់នៅដោយចីរភាពនៅកម្ពុជា។
សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បាននឹងកំពុងកសាង និងពង្រឹងការអនុវត្តនូវលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ដូចជាការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន សំណល់បរិក្ខារអគ្គិសនីនិងអេឡិចត្រូនិក និងថង់ប្លាស្ទិក ជាដើម។ ជាមួយគ្នានេះ ក៏កំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញចលនាប្រឡងប្រណំាងទីក្រុងឈានមុខ គម្រោងបៃតង ការគ្រប់សំរាមសំណល់រឹង-រាវ ការរៀបចំអាងប្រព្រឹត្តកម្ម ការគ្រប់គ្រងការបំពុលខ្យល់ ការរៀបចំសួនច្បារបៃតង ការសន្សំសំចៃថាមពលនិងការរៀបចំហេដ្ឋារចនាសម្ព័ន្ធបៃតង ព្រមទាំងការគិតគូរផ្សេងៗទៀត ដើម្បីបង្កលក្ខណៈឲ្យមានបរិស្ថាននៃការរស់នៅ និងការអភិវឌ្ឍដោយចីរភាព៕