អង្គការសង្គមស៊ីវិល ត្រៀមថវិកាជាង៣លានដុល្លារ ដើម្បីជួយលើកកម្ពស់កុមារីរងគ្រោះនៅកម្ពុជា

វិទ្យុជាតិកម្ពុជាអត្ថបទ៖ជួន បូណា

ភ្នំពេញ៖អង្គការសង្គមស៊ីវិល បានត្រៀមថវិកាជាង៣លានដុល្លារអាមេរិក សម្រាប់គម្រោងរយៈពេល៣ឆ្នាំ ដើម្បីជួយលើកកម្ពស់កុមារីរងគ្រោះនៅកម្ពុជា។
ឯកឧត្ដម តូច ចាន់នី អគ្គនាយកនៃអគ្គនាយកដ្ឋាន បច្ចេកទេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍ថា ក្រសួងសង្គមកិច្ច បានចុះហត្ថលេខាលើអនុស្សារណៈ នៃយោគយល់ (MoU) ជាមួយអង្គការដៃកម្ពុជា និងមូលនិធិអេ២១ ដើម្បីជួយការពារកុមារីពីការជួញដូរមនុស្ស ការកេងប្រវ័ញ្ចពលកម្ម ការរំលោភបំពានផ្លូវភេទ ការជួញដូរផ្លូវភេទ ជាដើម។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពិធីចុះហត្ថលេខា នាថ្ងៃព្រឹកទី០៤ ខែតុលានេះ ឯកឧត្ដមបានបញ្ជាក់ថា ការចូលរួមសហការរបស់អង្គការដៃគូនាពេលនេះ គឺពិតជាសំខាន់ណាស់ ដើម្បីលើកកម្ពស់វិស័យសង្គមកិច្ចនៅកម្ពុជាឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។
ឯកឧត្ដម បានស្នើឲ្យក្រុមការងារក្រសួង និងអង្គការត្រូវខិតខំបំពេញការងារ និងចិត្តទុកដាក់ ដើម្បីធ្វើយ៉ាងណាឲ្យការងារកាន់តែទទួលបានជោគជ័យខ្ពស់។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលនៅតែស្វាគមន៍ចំពោះដៃគូពាក់ព័ន្ធ និងអង្គការនានា ដើម្បីជួយលើកកម្ពស់ដល់ជនរងគ្រោះនៅកម្ពុជា មានការរៀនសូត្របានគ្រប់គ្រាន់ មានជីវភាពធូរធារ រស់នៅកាន់ល្អប្រសើរឡើង ៕