ច្បាប់ប្រឆាំងនឹងព័ត៌មានក្លែងក្លាយរបស់សិង្ហបុរីចូលជាធរមាន

AKP ភ្នំពេញ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩​ — ច្បាប់ថ្មីរបស់សិង្ហបុរីក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ នឹងការក្លែងបន្លំតាមប្រព័ន្ធអ៊ិនធើណេត បានចូលជាធរមានហើយកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ ២០១៩។

ច្បាប់ស្តីពីការការពារពីភាពមិនពិត និងឧបាយកលតាមប្រព័ន្ធអ៊ិនធើណែត ដែលត្រូវបានអនុម័តដោយសភាសិង្ហបុរីកាលពីខែឧសភា កន្លងទៅបានចែងថា បុគ្គលម្នាក់ៗដែលប្រព្រឹត្តខុសច្បាប់នេះអាចត្រូវបានពិន័យជាប្រាក់រហូតដល់ ១០០.០០០ដុល្លារសិង្ហបុរី (ស្មើនឹង ៧២.១០០ដុល្លារអាម៉េរិក) ឬជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំ ឬត្រូវផ្តន្ទាទោសទាំងពីរតែម្តង ខណៈដែលការប្រព្រឹត្តជាលក្ខណៈក្រុមហ៊ុនអាចត្រូវបានពិន័យជាប្រាក់រហូតដល់ ១លានដុល្លារសិង្ហបុរី។

ច្បាប់នេះ តម្រូវឱ្យសេវាតាមប្រព័ន្ធអ៊ីនធើណេត រួមមានទាំងបណ្តាញសង្គម ម៉ាស៊ីនស្វែងរក និង សេវាកម្មប្រមូលព័ត៌មាន ដើម្បីចេញការកែតម្រូវ ឬលុបមាតិកាដែលរដ្ឋាភិបាលយល់ថា មិនពិត។

រដ្ឋាភិបាលក៏អាចបញ្ជាឱ្យអ្នកផ្តល់សេវាអ៊ិនធើណែត ឬអន្តរការី រារាំងការចូលទៅកាន់គេហទំព័រដែលបំពាន ឬនឹងត្រូវពិន័យជាទឹកប្រាក់រហូតដល់ ២០.០០០ដុល្លារអាម៉េរិកក្នុងមួយថ្ងៃ ឬរហូតដល់អតិបរមាចំនួន ៥០០.០០០ដុល្លារអាម៉េរិក។

ក្រុមហ៊ុន Google ក្រុមហ៊ុនបណ្តាញសង្គម Facebook និង Twitter នឹងត្រូវបានផ្តល់ការលើកលែងជាបណ្តោះអាសន្នដើម្បីចេញការកែតម្រូវស្របតាមច្បាប់របស់ប្រទេសសិង្ហបុរី។

រដ្ឋាភិបាលសិង្ហបុរីបាននិយាយថា ច្បាប់នេះត្រូវការជាចាំបាច់ដើម្បីការពារសន្តិសុខ សុវត្ថិភាព សាធារណៈ និងទំនាក់ទំនងរបស់ប្រទេសសិង្ហបូរីជាមួយប្រទេសផ្សេងៗទៀត ក៏ដូចជាដើម្បីការពារឥទ្ធិពលពីខាងក្រៅចំពោះលទ្ធផលនៃការបោះឆ្នោតនយោបាយនានាផងដែរ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)