វៀតណាមទាមទារឱ្យចិនបញ្ឈប់ជាបន្ទាន់ រាល់ការរំលោភបំពានអធិបតេយ្យភាព

AKP ភ្នំពេញ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩​ — អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បាននិយាយថា ជាថ្មីម្តងទៀត ប្រទេសវៀតណាមទាមទារឱ្យប្រទេសចិនបញ្ឈប់ជាបន្ទាន់រាល់ការរំលោភបំពានរបស់ខ្លួន ដោយដកក្រុមនាវាស៊ើបការណ៍ Haiyang Dizhi 8 ចេញពីដែនទឹករបស់ប្រទេសវៀតណាម ហើយមិនត្រូវធ្វើសកម្មភាពស្រដៀងគ្នានេះឡើងវិញ។

លោកស្រី Hang បានធ្វើសេចក្តីថ្លែងការណ៍នេះនៅក្នុងសន្និសីទសារព័ត៌មានទៀងទាត់មួយនៅទីក្រុងហាណូយកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ ខណៈដែលលោកស្រីបានឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានអំពីការវិលត្រឡប់របស់នាវា Haiyang Dizhi 8 ចូលទៅកាន់តំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់      វៀតណាម និងវិធាននានាក្នុងការទប់ទល់បញ្ហានេះ។

លោកស្រីបានដកស្រង់ព័ត៌មានពីបណ្តាភ្នាក់ងារមានសមត្ថកិច្ចរបស់វៀតណាមថា ក្រុមនាវានេះបានបន្តពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម ដោយរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិ និងយុត្តាធិការអធិបតេយ្យភាពរបស់វៀតណាមដែលបានកំណត់នៅក្នុងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ( UNCLOS ) ដែលទាំងវៀតណាម និងចិនជាសមាជិក។

លោកស្រី Hang បាននិយាយថា វៀតណាមជំទាស់ដាច់ខាតចំពោះសកម្មភាពនេះ ហើយបានធ្វើការទាក់ទងទៅកាន់ភាគីចិន។ លោកស្រីបានអះអាងថា «វៀតណាមការពារអធិបតេយ្យភាព និងផលប្រយោជន៍ផ្នែកច្បាប់របស់ខ្លួននៅសមុទ្រខាងកើតតាមរយៈវិធានការសមស្របនឹងច្បាប់អន្តរជាតិ»។

ទាក់ទងនឹងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang ដែលបានធ្វើឡើងកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ កន្លងមក លោកស្រី Hang បាននិយាយថា ជំហររបស់ វៀតណាមចំពោះបញ្ហានេះត្រូវបានបញ្ជាក់យ៉ាងច្បាស់ដោយអ្នកនាំពាក្យក្រសួងការបរទេសវៀតណាម។

លោកស្រី Hang បាននិយាយថា តំបន់ដែលចិនហៅថា «វ៉ាន អាន់» គឺជាតំបន់ថ្មប៉ប្រះទឹកមួយដែលជាកម្មសិទ្ធិរបស់តំបន់សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពង់រាបទ្វីបរបស់វៀតណាម ដែលបានកំណត់ដោយអនុលោមតាមសន្ធិសញ្ញា UNCLOS ឆ្នាំ ១៩៨២៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)