ព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យចំពោះ រដ្ឋសភា និងរាជរដ្ឋាភិបាលក្នុងការថែរក្សានូវស្ថិរភាព សន្តិសុខ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​វ៉ាង​ ភក្តី​៖

ព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យ​ចំពោះ រដ្ឋសភា និងរាជរដ្ឋាភិបាល ក្នុងកិច្ចសហការរួមគ្នាយ៉ាងយកចិត្តទុកដាក់ ដើម្បីថែរក្សានូវស្ថិរភាព សន្តិសុខ ដែលធ្វើឲ្យប្រទេសកម្ពុជា និងប្រជាពលរដ្ឋទទួលបានអត្ថប្រយោជន៍ដ៏មានសក្តានុពលធំបំផុត សម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍សង្គម។
ព្រះរាជសារ ព្ររះករុណាព្រះបាទសម្តេចព្រះបរមនាថ
នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសការបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០១៩ បានបញ្ជាក់ថា រយៈកាលកន្លងមកនេះ រដ្ឋសភា
និងរាជរដ្ឋាភិបាល បានសហការរួមគ្នាយ៉ាងយកចិត្តទុកដាក់ ក្នុងសកម្មភាពជាចម្បង ដើម្បីថែរក្សានូវស្ថិរភាព សន្តិសុខ ជូនប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខដុមរមនា។ រដ្ឋសភានិងរាជរដ្ឋាភិបាល បានកសាងគោលនយោបាយ និងច្បាប់រដ្ឋបានល្អត្រឹមត្រូវ ធ្វើឲ្យប្រទេសកម្ពុជា និងប្រជាពលរដ្ឋទទួលបានអត្ថប្រយោជន៍ដ៏មានសក្តានុពលធំបំផុត សម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍សង្គមរបស់យើង ។
ក្នុងរយៈពេលជាង២ទស្សវត្សរ៍កន្លងមកនេះ កម្ពុជ សម្រេចបាននូវជោគជ័យយ៉ាងត្រចះត្រចង់ ។ មូលដ្ឋានគ្រឹះនៃជោគជ័យទាំងនេះ គឺជាការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់រដ្ឋសភា និងរាជរដ្ឋាភិបាល ក្នុងការរក្សាសន្តិភាព និងស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច តាមរយៈការអនុវត្តន៍ យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយ ច្បាប់និងយុទ្ធសាស្ត្រនានា ដោយបានផ្តល់អាទិភាពដល់ការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ វិស័យសុខាភិបាល
និងវិស័យអប់រំ ។ល។

ព្រះអង្គ កោតសរសើរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសមាជិក សមាជិកានៃរដ្ឋសភាទាំងអស់ ដែលបានបំពេញការងារអស់ពីកម្លាំងកាយចិត្ត ពុំគិតពីការនឿយហត់ ខិតខំយកចិត្តទុកដាក់ក្នុងការបម្រើ
ដល់ប្រជាពលរដ្ឋ និងដោះស្រាយនូវរាល់បញ្ហាប្រឈមបានជាបន្តបន្ទាប់ ។
ព្រះអង្គព្រះមានបន្ទូលថា ការខិតខំប្រឹងប្រែងរបស់
រដ្ឋសភាទាំងអស់គឺជាសកម្មភាពដ៏ឧត្តុង្គឧត្តម ក្នុងការតាមដាននូវសុខទុក្ខ ទទួលយកនូវរាល់បញ្ហាកង្វល់ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីរួមគ្នាដោះស្រាយទៅតាមស្ថានការណ៍ជាក់ស្តែងដោយយកចិត្តទុកដាក់ខ្ពស់ ។
ជាមួយគ្នានេះ ក៏កោតសរសើរយ៉ាងកក់ក្តៅ ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំរាជរដ្ឋាភិបាល ប្រកបដោយគតិបណ្ឌិត និងសក្តានុពល ដែលបានបំពេញការងារអស់ពីកម្លាំងកាយចិត្ត ពុំគិតពីការនឿយហត់ ៕