គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅដល់ទីក្រុងហាណូយ ប្រទេសវៀតណាម ប្រកបដោយសុវត្ថិភាព

AKP ភ្នំពេញ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ -គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហា​សេនាបតី​តេ​​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា  បានអញ្ជើញទៅដល់​រដ្ឋធា​នី​ហា​ណូ​យ សាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកបដោយសុវត្ថិភាព នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ​២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយម​វៀ​ត​​​ណាមរយៈ​ពេល​ពីរ​​ថ្ងៃ ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ ដែលតបតាមការអញ្ជើញ​របស់ឯកឧ​ត្ដ​ម​​ Nguyen Xuan Phuc នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនោះ។ នេះបើ តាម​ការបញ្ជាក់ឱ្យដឹងរបស់អ្នកយកព័ត៌មានទូរទស្សន៍ជាតិកម្ពុជា។

ការធ្វើដំណើរតាមយន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ជើងហោះហើរ​លេខ ០០១ បា​ន​ធ្វើ​កា​រ​​ចុះ​ចតនៅអាកាសយានដ្ឋានអន្តរជាតិណូយបៃ រដ្ឋធានីហាណូយ ប្រកបដោយសុវត្តិភាព កា​ល​ពី​វេលាម៉ោង៨ និង៤០នាទីព្រឹក ក្រោមវត្តមាននៃការទទួលបដិ​សណ្ឋារកិច្ចស្វាគមន៍ យ៉ាង​ស្និ​ទ្ធស្នាលរាក់ទាក់ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋាភិបាល នៃ​សាធារណរដ្ឋសង្គ​មនិយម​វៀត​ណាមជាច្រើនរូប។

បើតាម​ការបញ្ជាក់របស់ ឯកឧត្ដម ស៊្រី ថា​រង្គ​ រដ្ឋមន្ត្រី​ប្រ​តិ​​ភូ​អមនាយក​រដ្ឋ​ម​ន្ត្រី​បាន​ឱ្យដឹងថា មានកិច្ចព្រមព្រៀង និងអនុស្សរណៈចំនួន ៧ ដែលគ្របដណ្ដប់​លើ​កិច្ច​ស​ហ​ប្រតិបត្តិ​ការ​ទ្វេ​ភា​គី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម  ព្រមទាំងសន្ធិ​ស​ញ្ញា​បំពេញបន្ថែមមួយទៅលើសន្ធិសញ្ញាព្រំដែនគោកឆ្នាំ១៩៨៥ និង២០០៥ នឹ​​ង​ចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែ​ន នាយករដ្ឋ​មន្ត្រី​នៃ​​ព្រះ​រា​ជាណា​ចក្រកម្ពុជា ទៅកាន់សាធារណរដ្ឋសង្គមនិយមវៀត​ណា​មនេះ៕

ដោយ ជឹម ណារី​