រដ្ឋលេខាធិការក្រសួងបរិស្ថាន ប្រជុំត្រួតពិនិត្យការចុះបញ្ជីដីរដ្ឋនៅដែនជម្រកសត្វព្រៃភ្នំព្រេច

AKP មណ្ឌលគីរី ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ -នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីរាជការ នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និង ពិនិត្យលើវឌ្ឍន៍ភាពនៃការចុះបញ្ជីដីរដ្ឋនៅ ដែនជម្រកសត្វព្រៃភ្នំព្រេច​ តាមរយៈគម្រោងរបៀងអភិរក្សជីវៈចម្រុះមហាអនុតំបន់មេគង្គ (BCCP) ដោយមានការចូលរួមពីមន្រ្តីរាជការ មន្រ្តីឧទ្យានុរក្ស និង មន្រ្តីគម្រោងប្រមាណ ៦០នាក់។

បន្ទាប់​ពីក្រុមការងារចុះបញ្ជីដីរដ្ឋ​ បានធ្វើបទបង្ហាញពីវឌ្ឍន៍ភាពការងាររបស់គម្រោង ឯកឧត្តម សៅ សុភាព បានថ្លែងអំណរគុណដល់មន្ទីរបរិស្ថានខេត្ត ក៏ដូចជាមន្រ្តីរាជការ មន្រ្តីឧទ្យានុរក្ស និងក្រុមការងារគម្រោងរបៀងអភិរក្សជីវៈចម្រុះមហាអនុតំបន់មេគង្គទាំងអស់ដែលបានខិតខំបំពេញការងារតាមតួនាទីទទួលបានជោគជ័យ។

ឯកឧត្តម​ សៅ សុភាព ក៏បានលើកទឹកចិត្តឱ្យមន្រ្តីមានសាមគ្គីភាពផ្ទៃក្នុងល្អ និង បន្តការងារចុះបញ្ជីដីរដ្ឋនេះបានរលូនទៅមុខទៀត ដើម្បីលើកកម្ពស់ ក៏ដូចជាអនុវត្តន៍ការងារលើ  វិស័យបរិស្ថានប្រកបដោយប្រសិទ្ធភាព ក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព៕

ដោយណយ នឿន (ប្រភពៈមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី)