ឯកឧត្តម អូស្មាន ហាស្សាន់ ទទួលជួបប្រតិភូគ្រូពេទ្យអន្តរទ្វីប មកពីបណ្តាប្រទេសទាំង៥ ក្រោយបញ្ចប់បេសកកម្មជួយព្យាបាលជំងឺជូនប្រជាពលរដ្ឋ

AKP ភ្នំពេញ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ -នៅរសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ ឯកឧត្ដម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់អង្គការសម្ព័ន្ធ អ៊ិស្លាមពិភពលោក(Rabita ) បានអនុញ្ញាតឱ្យប្រតិភូក្រុមគ្រូពេទ្យស្ម័គ្រចិត្តអន្តរទ្វីប (PAC) ដឹកនាំដោយលោក វេជ្ជបណ្ឌិត Saifadeen Al Subhi ប្រធានបេសកកម្មព្យាបាល វះកាត់ដោយឥតគិតថ្លៃ ចូលជួបសម្ដែងការគួរសម បន្ទាប់ពីបានបញ្ចប់បេសកកម្មជួយព្យាបាលជំងឺជូនប្រជាពលរដ្ឋអស់រយៈពេល០៧ថ្ងៃប្រកបដោយជោគជ័យ នៅរាជធានីភ្នំពេញ។

នៅក្នុងជំនួបនេះ ឯកឧត្ដមទេសរដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់ អង្គការសម្ព័ន្ធអ៊ិស្លាមពិភពលោក ( Rabita ) បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការខិតខំប្រឹងប្រែងទាំងកម្លាំងកាយចិត្តរបស់ក្រុមគ្រូពេទ្យទាំងអស់ ក្នុងបេសកកម្មព្យាបាល វះកាត់ ជូនប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសដោយឥតគិតថ្លៃ។

ឯកឧត្ដមបានបន្តថា នេះគឺជាការងារមនុស្សធម៌ដ៏ប្រពៃ និងរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា ជាពិសេសបានជួយសម្រាល នូវបន្ទុក និងទុក្ខលំបាកជាច្រើនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាដែលមានជំងឺ និងគ្មានលទ្ធភាពព្យាបាល។ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានស្នើឱ្យប្រតិភូក្រុមគ្រូពេទ្យអន្តរទ្វីប (PAC) បន្តបេសកកម្មរបស់ខ្លួននៅកម្ពុជា ជាបន្តបន្ទាប់ទៀត។

សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (PAC) ដឹកនាំដោយលោកវេជ្ជបណ្ឌិត Saifadeen Al Sobhi សហការជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ដែលមានគ្រូពេទ្យឯកទេសចំនួន ២១រូប មកពីអារ៉ាប៊ីសាអូឌីត ស៊ូដង់ ទុយនីស៊ី ស៊ីរី និងអង់គ្លេស បានធ្វើការព្យាបាលជំងឺទូទៅ និងវះកាត់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ មានរយៈពេល០៧ថ្ងៃ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដែលធ្វើការវះកាត់ដោយជោគជ័យបានចំនួន ១០២ករណី ទៅលើជំងឺធំៗចំនួន ១១ប្រភេទ និងព្យាបាលជំងឺទូទៅបានចំនួន ៦១០នាក់ផងដែរ។

កម្មវិធីព្យាបាលនេះក៏មានការចូលរួមសហការពីគ្រូពេទ្យស្ម័គ្រចិត្តរបស់អង្គការមូលនិធិអភិ វឌ្ឍន៍មុស្លិមកម្ពុជា គ្រូពេទ្យគណៈកម្មការសុខាភិបាលរបស់សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា (ស.យ.ម.ក.) គ្រូពេទ្យប្រចាំនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ និងមានការចូលរួមយ៉ាងសកម្ម ពីសម្ព័ន្ធយុវជនមុស្លិមកម្ពុជា សាខាខេត្តពោធិ៍សាត់ យុវជនស្រឡាញ់សន្តិភាពនិង យុវជន នៃសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.)ផងដែរ។

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តអន្តរទ្វីប(PAC ) ជាអង្គកា មួយនៅក្រោមឆ័ត្ររបស់អង្គការសម្ព័ន្ធអ៊ិស្លាមពិភពលោក (Rabita) ដែលមានអង្គការធំៗជាសមាជិកជាង ១០នៅប្រទេសអារ៉ាប៊ីសាអូឌីត ដែលធ្វើការបម្រើផ្នែកមនុស្សធម៌ស្ទើរគ្រប់វិស័យនៅលើពិភពលោក ៕

ដោយ សួស សំរិត