សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​ និង​លោក​ អ៊ូ​ កាណែល​៖

នៅព្រឹកថ្ងៃទី០៤ខែតុលាឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹក នាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម តបតាមការអញ្ជើញរបស់ឯកឧត្តមង្វៀន សួនហ្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រីវៀត ណាម។
អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តីបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមនេះ រួម មានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ, ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯក ឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន , ឯក ឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម, ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និង ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួង ទេសចរណ៍ ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជ រដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជ កម្មកម្ពុជាផងដែរ។
យោងតាមការជូនដំណឹងរបស់ក្រសួងការបរទេ សបានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចរយៈពេ លពីរថ្ងៃចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៥ ខែតុលា នេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាជាមួយឯកឧត្តមង្វៀន ហ្វូជុង (Nguyen Phu Trong) អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋវៀតណាម និងលោកជំទាវង្វៀន ធី គីម ងិន (Nguyen Thi Kim Ngan) ប្រធានរដ្ឋសភាវៀតណាម។
សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជួបពិភាក្សាទ្វេភាគីជាមួយសមភាគីវៀតណាមឯកឧត្តម ង្វៀន សួនហ៊្វុក។ ក្នុងជំនួបនោះ នាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាម នឹងពិភាក្សាលើបញ្ហានានាពាក់ព័ន្ធកិច្ចសហប្រតិបត្តិការទ្វេភាគី តំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍ទៅវិញទៅ មក និងការបារម្ភរួមគ្នា។ ក្រោយកិច្ចប្រជុំ នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះ ហត្ថលេខាលើឯកសារមួយចំនួន ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី។
នៅរសៀលថ្ងៃទី៤ តុលានេះ នាយករដ្ឋមន្រ្តីទាំងពីរ នឹងចូលរួមថ្លែងសុន្ទរកថា បើកសន្និសីទស្តីពីការជំរុញវិនិយោគ និងពាណិជ្ជកម្មកម្ពុជា- វៀតណាម ។ នៅថ្ងៃទី០៥ តុលា ដែលជាថ្ងៃទីពីរនៃដំណើរទស្សនកិច្ច នាយករដ្ឋមន្ត្រីទាំងពីរ នឹងចូលរួមជាអធិបតីក្នុងសន្និសីទបូកសរុបការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែន ដែលរំពឹងថា នឹងបញ្ចប់ដោយការចុះហត្ថលេខាលើឯកសារច្បាប់ចំនួនពីរ ដើម្បីទទួលស្គាល់លទ្ធផលការងារខ័ណ្ឌសីមា ព្រំដែន ៨៤% ដែលសម្រេចបាន។
ក្នុងអំឡុងពេលស្នាក់នៅទីក្រុងហាណូយ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាក្ខន្ធ នៅវិមានអនុស្សាវរីយ៍បុព្វបុរសនិងយុទ្ធជនពាលី និងនៅវិមានតម្កល់ សពលោកហូជីមិញ៕