សម្តេចប្រធានព្រឹទ្ធសភាកម្ពុជាបង្ហាញឆន្ទៈខ្ពស់ក្នុងការត្រៀមខ្លួនធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតថ្មីប្រចាំនៅកម្ពុជា

វិទ្យុជាតិកម្ពុជា៖  លោកចេម ហួត  

ភ្នំពេញសម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា ព្រឹទ្ធសភា​​​នៃព្រះរាជាណាចក្រកម្ពុជាត្រៀមខ្លួនជានិច្ចធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និតជាមួយឯកឧត្តម ក៏ដូចជាស្ថានទូតអារ៉ាប៊ីសាអូឌីត ដើម្បីរួមចំណែកពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនាំមកនូវផលប្រយោជន៍ទៅវិញទៅមកជូនប្រជាជន និងប្រទេសទាំងពី។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងបែបនេះនៅពេលដែលសម្តេចអនុញ្ញាតឱ្យឯកឧត្តម សាអ៊ូដ អាល់ សូវ៉ែលីម ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជូបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា កាលពីរសៀលថ្ងៃទី៣ ខែតុលាឆ្នាំ២០១៩នេះ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ  បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ត្រូវបានពង្រឹងពង្រីកជាបន្តបន្ទាប់ និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខណ្ឌកិច្ចស​ហ​ប្រតិបត្តិការលើឆាកអន្តរជាតិ។ សម្តេចប្រធានព្រឹទ្ធសភាមានជំនឿជឿជាក់ តាមរយៈបេសកកម្មការទូតរបស់ឯកឧត្តមប្រចាំព្រះរាជាណា-ចក្រកម្ពុជា ឯកឧត្តមនឹងខិតខំជួយជំរុញឱ្យអ្នកទេសចរអារ៉ាប៊ីសាអូឌីតមកទស្សនាព្រះរាជាណាកម្ពុជាឱ្យកាន់តែច្រើន និងជួយជំរុញវិនិយោគអារ៉ាប៊ីសាអូឌីត មកធ្វើវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា លើកវិស័យកសិកម្ម និងវិស័យផេ្សងៗទៀត។

សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ដែលបានឱ្យពលករកម្ពុជាជាស្រ្តីបានទៅធ្វើការងារតាមផ្ទះនៅអារ៉ាប៊ីសាអូឌីត ស្របតាមកិច្ចព្រមព្រៀងស្តីពី ការជ្រើសរើសពលកររវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។

ឯកឧត្តម សាអ៊ូដ អាល់ សូវ៉ែលីម បានមានប្រសាសន៍ថា តាមរយៈបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា ឯកឧត្តមនឹងខិតខំរួមចំណែកធ្វើឱ្យទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋាភិបាល ប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។

នៅក្នុងឱកាសនោះ ឯកឧត្តម ក៏បានជម្រាបសម្តេចប្រធានព្រឹទ្ធសភា អំពីជំនួបរវាងឯកឧត្តម និងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពី ការផ្តល់ហិរញ្ញប្បទានដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីអនុវត្តនូវគម្រោងចាំបាច់ណាមួយសម្រាប់អភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត ពីព្រោះបច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ជាពិសេសការគ្រប់គ្រងថវិកាជាតិ និងការប្រមូលពន្ធបានល្អ៕