ឯកឧត្តម គន់ គីម ជុំរុញឲ្យអាជ្ញាធរខេត្តកំពង់ចាមនិងត្បូងឃ្មុំចូលរួមដោះស្រាយ ជូនប្រជាពលរដ្ឋ ដែលកំពុងខ្វះខាត ពូជស្រូវ និងពូជដំណាំផ្សេងៗ ឲ្យបានទាន់ពេលវេលា

វិទ្យុជាតិកម្ពុជា៖លោក ហាង ចាន់ថា ខេត្តកំពង់ចាម៖

ឯកឧត្តម គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាន ជំរុញឲ្យថ្នាក់ដឹកនាំនៃក្រសួងកសិកម្ម និងក្រសួងធនធានទឹក រួមជាមួយថ្នាក់ដឹកនាំខេត្តកំពង់ចាម និង ត្បូងឃ្មុំ ព្រមទាំងមន្រ្តីនៃមន្ទីរជំនាញពាក់ ពន្ធ័ជុំវិញខេត្តទាំងពីរ ចូលរួមដោះស្រាយ ជូនប្រជាពលរដ្ឋ ដែលកំពុងខ្វះខាត ពូជស្រូវ និងពូជដំណាំផ្សេងៗ ឲ្យបានទាន់ពេលវេលានិងមានប្រសិទ្ធិភាព ពីព្រោះនេះគឺជាផ្នែកសំខាន់មួយ នៃវិស័យគ្រប់គ្រងគ្រោះ មហន្តរាយ។
ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២ខែតុលាឆ្នាំ២០១៩ ដើម្បីសិក្សាពីតម្រូវការក្នុងការស្តារឡើងវិញតាម វិស័យនីមួយៗ ជាពិសេសគឺវិស័យកសិកម្មអាច ផ្តល់ជាពូជស្រូវ ពូជដំណាំ និងមធ្យោបាយគាំទ្រផ្សេងៗដល់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាក្នុងការដាំដុះឡើងវិញ នៅពេលដែលទឹកទន្លេមេគង្គកំពុងតែស្រកចុះយ៉ាងលឿននេះ ឯកឧត្ដម គន់ គីម បានបញ្ជាក់ថា÷ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន បានសម្រេចជាផ្តល់បន្ទាន់ នូវពូជស្រូវ និងគ្រាប់ពូជដំណាំ សម្រាប់ផ្តល់ជូនប្រជាកសិករ ដើម្បីធ្វើការស្តារឡើងវិញឱ្យទាន់ពេលវេលា ដែលស្រូវពូជទាំងនេះ គឺជាប្រព័ន្ធស្បៀង បម្រុង កម្ពុជា។ ទន្ទឹមនេះចំពោះតំបន់ភូមិសាស្ត្រដែល មិនអាចដាំដុះស្រូវទាន់ពេលវេលា បានគឺត្រូវសិក្សាលទ្ធភាពជាក់ស្តែង ក្នុងការដាំដុះដំណាំរួមផ្សំផ្សេងៗ ជំនួសវិញដែលការគាំទ្រការស្តាឡើងវិញក្នុងវិស័យកសិកម្ម នេះគឺត្រូវធ្វើឡើងក្នុងកម្រិតយុទ្ធសាស្ត្រ បំផុត ដោយត្រូវផ្តល់ជាកញ្ចប់ដែលមាន ពូជ ទឹក បច្ចេកទេស និងផ្នែកខ្លះត្រូវមានប្រេងផងដែរ ខណ:ពេលដែលទឹកកំពុងតែស្រកចុះជាបណ្តើរៗនេះ។
ឯកឧត្ដម បានវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងមានកិច្ចសហការយ៉ាងល្អជាមួយតំណាងរាជរដ្ឋាភិលបាលក្នុងវិស័យគ្រប់គ្រងគ្រោះមហន្តរាយ ចុះពិនិត្យជាក់ស្តែងដល់មូលដ្ឋាន និងបានបន្តសិក្សាស្វែងយល់ពីផលប៉ះពាល់និងដើម្បីជួបពិភាក្សាជាក់ស្តែងជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ពីតម្រូវការជាក់ស្តែងក្រោយពីទឹកជំនន់៕