មជ្ឈមណ្ឌលសហប្រតិបត្តការកម្ពុជា-ជប៉ុន សហការជាមួយសាកលវិទ្យាល័យល្បីៗ របស់ជប៉ុន នឹងរៀបចំពិព័រណ៍ស្តីពីការសិក្សានៅប្រទេសជប៉ុន

វិទ្យុជាតិកម្ពុជា៖ អត្ថបទ យី វិច្ឆិកា
ភ្នំពេញ៖មជ្ឈមណ្ឌលសហប្រតិបត្តការកម្ពុជា-ជប៉ុន សហការជាមួយសាកលវិទ្យាល័យល្បីៗ របស់ជប៉ុន នឹងរៀបចំពិព័រណ៍ស្តីពីការសិក្សានៅប្រទេសជប៉ុន ដើម្បីចែករំលែកព័ត៌មានស្តីពីការសិក្សានៅជប៉ុន ដល់សិស្ស និស្សិត នៅកម្ពុជា ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់មជ្ឈមណ្ឌលសហប្រតិបត្តការកម្ពុជា-ជប៉ុន បានដឹងថា មជ្ឈមណ្ឌលនឹងរៀបចំពិព័រណ៍ស្តីពីការសិក្សានៅប្រទេសជប៉ុន ចាប់ពីម៉ោង ៩ ព្រឹកដល់ម៉ោង ៤ រសៀល នៅថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន នៃសាកលវិទ្យាល័យភូមិភ្នំពេញ។
ប្រភពដដែល បញ្ជាក់ថា សិស្ស និស្សិត ដែលមានបំណងចង់ទៅសិក្សានៅប្រទេសជប៉ុន អាចចូលរួមពិព័រណ៍នេះ ដោយសេរីនិងឥតគិតថ្លៃ ដើម្បីមានឳកាសជួបប្រឹក្សាយោបល់ផ្ទាល់ ជាមួយនឹងតំណាងមកពីសាកលវិទ្យាល័យល្បីៗ នៅប្រទេសជប៉ុន អ្នកតំណាងស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា អ្នកតំណាងមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិជប៉ុន ព្រមទាំងអ្នកតំណាងកម្មវិធី Honda Y-E-S Award នៃមូលនិធិហុងដា និងសមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន ។
ពិព័រណ៍នេះដែរ មានសាលកវិទ្យាល័យរបស់ជប៉ុនល្បីៗចូលរួម ធ្វើបទបង្ហាញ និងផ្តល់ប្រឹក្សា ដល់សិស្ស ដែលមានបំណងចង់ទៅសិក្សានៅប្រទេសជប៉ុន។ សាកលវិទ្យាល័យ ស្ថាប័ន និងកម្មវិធីទាំងនោះ រួមមាន សាកលវិទ្យាល័យអាស៊ីប៉ាស៊ីហ្វីករីហ្ស៊ឹមេកាំង ការិយាល័យផ្តល់ព័ត៌ មានពីការសិក្សានៃប្រទេសជប៉ុនប្រចាំតំបន់អាស៊ាន សាកលវិទ្យាល័យអាស៊ី ស្ថានទូតជប៉ុនប្រចាំ កម្ពុជា មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិជប៉ុន សមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន កម្មវិធីប្រកួតពានរង្វាន់ហុងដាសម្រាប់អ្នកវិទ្យាសាស្រ្តនិងវិស្វករវ័យក្មេងប្រចាំប្រទេសកម្ពុជា កម្មវិធីJENESYS កម្មវិធី Kakehashi និងកម្មវិធីToyoma Homestay ។
សូមបញ្ជាក់ថា ពិព័រស្តីពីការសិក្សានៅប្រទេសជប៉ុននេះចាប់ផ្តើមបង្កើតឡើង តាំងពីឆ្នាំ ២០០៨ ដោយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ក្រោមការគាំទ្រពីក្រសួងអប់រំ យុវជននិងកីឡា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា និងស្ថាប័នផ្សេងៗទៀត ៕