កូរ៉េខាងជើងនិយាយថា ខ្លួនបានបាញ់សាកល្បងមីស៊ីលប្រភេទថ្មី ប្រកបដោយជោគជ័យ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ — ប្រទេសកូរ៉េខាងជើងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានបាញ់សាកល្បង​មីស៊ីលផ្លោងប្រភេទថ្មីមួយ (SLBM) ដោយជោគជ័យ ដែលបានបាញ់ចេញពីនាវាមុជទឹក ដោយអះអាងថា ភាពជោគជ័យនេះបានឈានដល់ដំណាក់កាលថ្មីមួយ នៅក្នុងការការពារ​ខ្លួន ដែលបានធ្វើឡើងត្រឹមតែពីរថ្ងៃប៉ុណ្ណោះ មុនពេលបន្តកិច្ចចរចានុយក្លេអ៊ែរជាមួយ​សហរដ្ឋ​អាមេរិក។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ(KCNA) បាននិយាយថា បណ្ឌិត្យសភាវិទ្យាសាស្ត្រ​ការពារ​ជាតិរបស់កូរ៉េខាងជើង បានទទួលស្គាល់នូវភាពជោគជ័យក្នុងការបាញ់សាកល្បង​មីស៊ីល​ប្រភេទថ្មី SLBM Pukguksong-3 នេះ នៅក្នុងដែនទឹកនៅឯសមុទ្រ Wonsan នៃ​សមុទ្រភាគខាងកើតនៅព្រឹកថ្ងៃពុធកន្លងទៅនេះ ដោយបន្ថែមថា មីស៊ីលនេះត្រូវបានគេបាញ់​នៅក្នុងរបៀបបញ្ឈរ។

KCNA បាននិយាយថា ការបាញ់សាកល្បងវិទ្យាសាស្ត្រ និងបច្ចេកទេសនេះបាន​សរបញ្ជាក់​ពីសន្ទស្សន៍យុទ្ធសាស្ត្រ និងបច្ចេកទេសសំខាន់ៗនៃមីស៊ីលផ្លោង​ដែលបានរចនាថ្មី​ ហើយមិនមានផលប៉ះពាល់អវិជ្ជមានដល់សន្តិសុខរបស់ប្រទេសជិតខាងឡើយ។

KCNA បាននិយាយថា ការបាញ់សាកល្បងប្រភេទ SLBM ប្រភេទថ្មី​ដែលទទួល​បាន​ជោគជ័យ គឺមានសារៈសំខាន់ខ្លាំងណាស់​ព្រោះវាបានចាប់ផ្តើមនៅក្នុងដំណាក់កាលថ្មីមួយ ​ដែលផ្ទុកនូវការគំរាមកំហែងរបស់កម្លាំងខាងក្រៅដល់កូរ៉េខាងជើង នឹងការពង្រឹងសាច់ដុំ​យោធារបស់ខ្លួនសម្រាប់ការការពារខ្លួន។

កាលពីថ្ងៃពុធយោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់អ្វីដែលមើល​ទៅ​ដូចជា SLBM មួយចូលទៅក្នុងសមុទ្រខាងកើត ហើយមីស៊ីលបានហោះចម្ងាយប្រហែល ៤៥០ គីឡូម៉ែត្រក្នុងរយៈកម្ពស់អតិបរមាប្រហែល ៩១០ គីឡូម៉ែត្រ។

ក្រុមអ្នកជំនាញបាននិយាយថា មីស៊ីលនេះអាចហោះបានវែងជាងនេះ​ប្រសិនបើវាត្រូវ​បាន​បាញ់នៅក្នុងមុំធម្មតា ដោយមិនមែននៅក្នុងរបៀបបញ្ឈរទេនោះ៕

(ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល)