វៀតណាម និងសហរដ្ឋអាមេរិកបង្កើតភាពជាដៃគូ នៃកិច្ចសហប្រតិបត្តិការថាមពលគ្រប់ជ្រុងជ្រោយ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ — ប្រទេសវៀតណាម និងសហរដ្ឋអាមេរិក បានបង្កើតភាពជាដៃគូនៃកិច្ចសហប្រតិបត្តិការថាមពលគ្រប់ជ្រុងជ្រោយក្រោមអនុស្សរណៈនៃការយោគយល់គ្នា ( MoU ) ដែលបានចុះហត្ថលេខានៅទីក្រុងវ៉ាស៊ីន-តោនកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅនេះ។

ឯកសារនេះត្រូវបានចុះហត្ថលេខាដោយតំណាងនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និងក្រសួងការបរទេសសហរដ្ឋអាមេរិក ក្នុងអំឡុងពេលនៃដំណើរបំពេញការងាររបស់គណៈប្រតិភូក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមនៅសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា     ឆ្នាំ២០១៩ ។

អនុស្សារណៈនៃការយោគយល់គ្នានេះ គឺជាឯកសារដ៏សំខាន់មួយក្នុងកិច្ចសហការលើវិស័យថាមពលរវាងប្រទេសទាំងពីរ ដោយបានបើកទំព័រថ្មីមួយនៃកិច្ចសហប្រតិបត្តិការដែលពឹងផ្អែកខ្លាំង និងគ្រប់ជ្រុងជ្រោយ។

ឯកសារនេះគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការផ្នែកផ្សេងៗគ្នាក្នុងវិស័យថាមពល រាប់ចាប់តាំងពីសន្តិសុខថាមពល ការអភិវឌ្ឍទីផ្សារថាមពល នឹងការបម្លែងថាមពលទៅជាបទប្បញ្ញត្តិ និងគោលនយោបាយពាក់ព័ន្ធការគ្រប់គ្រងថាមពល និងបច្ចេកវិទ្យាថាមពល ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ រួមទាំង        តួនាទីនៃកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងវិស័យឯកជនផងដែរ។

វាបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ និងយន្តការច្បាស់លាស់មួយ ដែលជួយសម្រួលដល់ភាពជាដៃគូជាក់លាក់រវាងក្រុមហ៊ុនវៀតណាម និងសហរដ្ឋអាមេរិក ឆ្ពោះទៅគោលដៅអភិវឌ្ឍន៍ថាមពលប្រកបដោយចីរភាពនៅវៀតណាម។

ភាគីទាំងពីរសង្ឃឹមថា ឯកសារនេះនឹងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកសាងផែនទីបង្ហាញផ្លូវនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលជាក់លាក់។

នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានផ្តល់ឱ្យទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃអនុស្សារណៈនៃការយោគយល់គ្នានេះ នៅពេលដែលប្រទេសវៀតណាមត្រូវការការជំរុញវិស័យថាមពលក្នុងស្រុក ដើម្បីជំរុញសេដ្ឋកិច្ចដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)