អនុប្រធានទី២ព្រឹទ្ធសភាប្រាប់ឱ្យយុវជន ខិតខំបញ្ជ្រាប និងផ្សព្វផ្សាយតម្លៃវប្បធម៌ អរិយធម៌ខ្មែរទៅកាន់ពិភពលោក

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

ភ្នំពេញ៖ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភាប្រាប់ឲ្យយុវជន បញ្ជ្រាបពីតម្លៃវប្បធម៌ អរិយធម៌ខ្មែរទៅកាន់​ពិភពលោកឱ្យកាន់តែទូលំលាយបន្ថែមទៀត ខណៈពួកគេទៅចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាល​​អ្នកដឹកនាំវ័យក្មេងអាស៊ាន នៅប្រទេសចិននាពេលខាងមុខនេះ។

ក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជាចំនួន ១៤នាក់ ចូលជួបសម្តែងការគួរសម និងផ្តល់អនុសាសន៍នាព្រឹកថ្ងៃទី៣ ខែតុលានេះ នៅវិមានព្រឹទ្ធសភា ឯកឧត្តម ទេព ងនបានណែនាំដល់យុវជនកម្ពុជាត្រូវផ្សព្វផ្សាយជូនមិត្តភ័ក្តិជាយុវជននៃប្រទេសដ៏ទៃទៀតអំពីវប‌្បធម៌ អរិយធម៌ ការអភិវឌ្ឍ ការរីកចម្រើន ជាពិសេសអំពី សភាពការណ៍ពិតរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ ក្នងនោះដែរ ត្រូវដកស្រង់បទពិសោធន៍ល្អៗ និងស្វែងយល់អំពីសភាពការណ៍នៃបណ្តាប្រទេសនីមួយៗ ដើម្បីយកមកពិចារណាច្នៃអនុវត្តឱ្យសមស្របតាមសភាពការណ៍របស់ប្រទេសយើងឱ្យមានប្រសិទ្ធភាព។

ឯកឧត្តម ទេព ងន បានផ្តាំផ្ញើរឲ្យក្មួយៗទាំងអស់ ត្រូវខិតខំថែរក្សាឱ្យបានល្អនូវទំនាក់ទំនងមិត្តភាពទាំងផ្ទៃក្នុងជួរយុវជនរបស់ប្រទេសកម្ពុជា និងជាមួយនឹងយុវជននៃបណ្តាប្រទេសនីមួយៗ និងសូមឱ្យក្មួយ​ៗ​ថែរក្សាឱ្យបានល្អ ក្នុងការទំនាក់ទំនង សាមគ្គីភាព ឯកភាពទាំងផ្ទៃក្នុងជួរយុវជនរបស់យើង និងមានទំនាក់ទំនងល្អជាមួយនឹងគ្នាធ្វើយ៉ាងណាឱ្យមានការរីកចម្រើនទាំងអស់គ្នាដើម្បី​នាំមកនូវកិត្តិយសជូនប្រទេសកម្ពុជា និងសូមជូនពរដល់ក្មួយៗទទួលបានជោគជ័យ ភាពសប្បាយរីករាយ ព្រមទាំងទទួលបាននូវអនុស្សាវរីយ៍ និងបទពិសោធន៍ល្អៗត្រឡប់មកមាតុភូមិយើងវិញ

លោក ស្រូយ អាដុល្លារប្រធានប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជាបានប្តេជ្ញា នឹងខិតខំផ្សព្វផ្សាយពីសភាពការណ៍ពិតនៅកម្ពុជា  ផ្សព្វ​​ផ្សាយ​ពីវប្បធម៌ទៅកាន់យុវជនអន្តរជាតិនានា ខិតខំត្រង់ត្រាប់ស្តាប់នូវអ្វីដែលជាការបណ្តុះបណ្តាលរបស់លោកគ្រូ និងអ្នកគ្រូទាំងអស់នៅប្រទេសចិន ដើម្បីជាចំណេះដឹង នៅពេលត្រឡប់មកកាន់មាតុភូមិវិញបន្តការធ្វើការកសាងប្រទេសជាតិឱ្យបានរីកចម្រើន ។

លោក បន្តថា នេះគឺជាលើកទី៤ហើយ ដែលសហភាពសហព័ន្ធយុវជនកម្ពុជាទទួលបានការអនុញ្ញាតពីសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសខាងយុវជនចិន អនុ​ញ្ញាតឱ្យប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា ចេញទៅបណ្តុះណ្តាលអ្នកដឹកនាំវ័យក្មេងអាស៊ាននៅតំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិនដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។ ដោយគោលបំណងនេះវគ្គបណ្តុះបណ្តាលនេះ ដើម្បីពង្រឹងស្មារតី ឆន្ទៈ គោកជំហរ ចំណេះដឹងសមត្ថភាព បទពិសោធន៍ និងអនុសាសន៍នានា ព្រមទាំងឯកសារគោលនយោបបាយពាក់ព័ន្ធនឹងវិស័យសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងរួមការគ្រប់គ្រងរដ្ឋបាលដែនដី កិច្ចការងារយុវជន របៀបរបបធ្វើការ តម្លៃជាតំណាងរបស់យុវជន និងការត្រៀមខ្លួនធ្វើជាអ្នកតំណាងប្រជាជាតិ យុវជនកម្ពុជាក្នុងក្របខ័ណ្ឌតំបន និងអន្តរជាតិ៕