កសិករឃុំសាមឃួយនាំគ្នាពន្លឿនការដាំបន្លែសរីរាង្គដើម្បីរក្សាកេរ្តិឈ្មោះភូមិឃុំនេះជាភូមិផលិតផលមួយ

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង

M.C.កសិករដាំបន្លែនៅឃុំសាមឃួយបាននាំគ្នា ពន្លឿនការដាំបន្លែគ្រប់ប្រភេទដើម្បីថែរក្សាកេរ្តិឈ្មោះផលិតផលមួយភូមិមួយ ទោះបី កន្លងមកបន្លែរបស់ពួកគាត់ត្រូវទឹកមេគង្គជន់លិច បំផ្លិចបំផ្លាញអស់ ជាច្រើនទៅហើយក៍ដោយ ។ តែពួកគាត់ស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធជួយផ្តល់ពូជមួយចំនួនដល់កសិករដែលខ្វះខាតដើម្បីអោយការដាំដុះបានទាន់រដូវកាល។
ក្នុងសកម្មភាព ដាំបន្លែសរីរាង្គឡើងវិញ នៅភូមិសាមខួយ-ឃុំសាមខួយ-ស្រុកសេសាន ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី០១តុលា កន្លងមកនេះ លោកស្រីស៊ូលាងខាំអាត កសិករគំរូដាំបន្លែនៅភូមិនេះបានបញ្ជាក់ថា៖ អាជ្ញាធរពាក់ព័ន្ធគួរចុះទៅពិនិត្យមើលក្រុមកសិករដាំបន្លែផង ព្រោះក្រោយពីទឹកជំនន់ស្រកផុតមក ផលដំណាំបន្លែបង្កាជាច្រើនប្រភេទបានខូចខាតទាំងស្រុង។លោកស្រីថា៖មានកសិករមួយចំនួនបានបង្កើនសួនបន្លែជាលក្ខណៈគ្រួសារ ហើយពេលរងផលប៉ះពាល់ពីទឹកជំនន់នេះធ្វើអោយបាត់បង់បរិមាណបន្លែ ដែលត្រូវរួមគ្នានាំចេញទៅកាន់ទីផ្សារ។
(សម្លេង)ខ្ញំសំណូមពរថា ចង់ឱ្យជួយគ្រាប់ពូជអី គ្រាប់ត្រសក់ គ្រាប់ប៉េងប៉ោះ ត្រប់វែងអីខ្លះ អត់លុយទិញព្រោះទឹកលិចអស់ហើយ ដើម្បីយកមកស្តារឡើងវិញ ព្រោះអីបានរៀបចំដីរួចហើយ ។
លោកឃីន ប៊ុនឡត ប្រធានក្រុមកសិករភូមិសាមឃួយ ឃុំសាមឃួយ បានគាំទ្រចំពោះស្មារតីភ្ញាក់រលឹកនេះ ព្រោះថាការដាំបន្លែពិតជាបានរួមចំណែក ជួយកាត់បន្ថយបានមួយភាគធំ ពីការពឹងផ្អែកទៅលើតែផលអនុផលព្រៃឈើ ធ្វើនេសាទនិងការចូលព្រៃរកសត្វជាដើម។លោកពន្យល់ថា៖បើ កសិករយើងទិញគ្រាប់ពូជបន្លែពីទីផ្សារ ត្រូវជ្រើសរើសយកពួជបន្លែ សម្រាប់រដូវកាលទើបយកមកដាំទទួលបានផលល្អ មិនចំណាយពេលវេលាចោល ដូចជាដំណាំប៉េងប៉ោះជាដើម។
(សម្លេង)សូមសំណូមពរទៅកសិករផ្សេងៗទូទៅក្នុងភូមិយើងអ្នកធ្វើពូជខ្មែរ យើងថាមិនឱ្យដាំតែម្តងព្រោះវាអត់សូវផ្លែ រើសយកពូជតៃវ៉ាន់អាហ្នឹងផ្លែល្អមែនទែនក្នុងមួយដើមបាន៣គីឡូ្ក្រាម ។
លោកស្រីខាំឡត កសិករដាំបន្លែលក្ខណៈគ្រួសារ នៅឃុំសាមឃួយកំពុងថែទាំបន្លែបានបញ្ជាក់ថា៖ពួកគាគ់ដាំតែបន្លែស្លឹកតែប៉ុណ្ណោះ ព្រោះវាងាយស្រួលក្នុងការថែទាំ មិន ចំណាយថវិកាច្រើន និងមានទីផ្សារបញ្ជាទិញស្រួលលក់ផង ព្រោះក្រុមកសិករបានចែកសមាជិកដាំបន្លែផ្សេងៗពីគ្នា ដើម្បីកុំឱ្យ ពេលបានផលពិបាកលក់។
សូមបញ្ជាក់ថា៖នៅឃុំសាមឃួយមានប្រជាពលរដ្ឋរស់នៅជាង៦០០គ្រួសារក្នុងនោះ ពួកគាត់ភាគច្រើនបានដាំបន្លែតាមបច្ចេកទេសដែលមន្ត្រីជំនាញផ្នែកកសិកម្ម និងអង្គការដៃគូបានចុះជួយបណ្តុះបណ្តាលដើម្បីធ្វើឱ្យ ឃុំមួយនេះ មានបន្លែសរីរាង្គ បរិភោគមិនប៉ះពាល់សុខភាពនិងអាចនាំចេញទៅប្រកូតប្រជែងនៅលើទីផ្សារ៕