សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបការងារ៩ខែ  ឆ្នាំ២០១៩  និងលើកទិសដៅអនុវត្តន៍បន្តសម្រាប់ត្រីមាសទី៤

AKP ភ្នំពេញ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ — សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបការងារ៩ខែ ឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តន៍ បន្តសម្រាប់ត្រីមាសទី៤ របស់ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នេះ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា កិច្ចប្រជុំនេះបានធ្វើឡើងនៅទីស្តីការក្រសួងការពារជាតិ ដោយមានការចូលរួម ពីថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ផងដែរ។ កិច្ចប្រជុំបានវាយតម្លៃ អំពីការអនុវត្តការងាររបស់ក្រសួងការពារជាតិ រយៈពេល៩ខែ កន្លងមកនេះ ដោយទទួលបានលទ្ធផលជោគជ័យជាបន្តបន្ទាប់។

នាយឧត្តមសេនីយ៍ ឈុំ សុជាត បានឱ្យដឹងទៀតថា សម្រាប់រយៈពេល៩ខែ ដើមឆ្នាំ២០១៩នេះ កងយោធពលខេមរភូមិន្ទ បានប្រមូលផ្តុំអនុវត្តន៍ភារកិច្ចរបស់ខ្លួន តាមកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ រយៈពេល៥ឆ្នាំ និងកម្មវិធីការងារ ដោយសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន។

ឯកឧត្តមបញ្ជាក់ថា ការអនុវត្តភារកិច្ចការពារអធិបតេយ្យ បូរណភាពទឹកដី កងយោធពលខេមរភូមិន្ទ បានបន្តយកចិត្តទុកដាក់ពង្រឹងប្រៀបការពារជាតិលើគ្រប់ វិស័យនៅតាមតំបន់ព្រំដែន ធ្វើល្បាតជាប្រចាំដើម្បីតាមដានត្រត ពិនិត្យគ្រប់គ្រង សភាពការណ៍និងភូមិសាស្ត្រទទួលខុសត្រូវ និងចូលរួមទប់ស្កាត់បទល្មើស គ្រប់ប្រភេទ និងសកម្មភាពឆ្លងដែនខុសច្បាប់ទៅវិញទៅមក ព្រមទាំងបានបន្តកិច្ចសហប្រតិបត្តិការល្អ ជាមួយប្រទេសជិតខាងដោះស្រាយបញ្ហាផ្សេងៗ ដែលកើតឡើងដោយសន្តិវិធីបានទាន់ ពេលវេលា និងធានាបាននូវប្រក្រតីភាពតាមតំបន់ព្រំដែនល្អប្រសើរ។ ក្នុងរយៈពេល៩ខែ នេះ កងយោធពលខេមរភូមិន្ទ បានចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព នៅតាមបណ្តាប្រទេស មួយចំនួន។ កម្ពុជាត្រូវបានអង្គការសហប្រជាជាតិវាយតម្លៃថា បានបរិច្ចាគកម្លាំងច្រើនជាងគេ ក្នុងលំដាប់ប្រទេសនាំមុខ ៣០/១២២ប្រទេស និងទទួលបានចំណាត់ថ្នាក់ទី២៦ រីឯការបញ្ជូន កម្លាំងយោធិននារី១៧,២ភាគរយ គឺលើសពីផែនការរបស់អង្គការសហប្រជាជាតិ ដែលបានកំណត់ត្រឹម១៥ភាគរយ។

ឯកឧត្តមបានបញ្ជាក់ទៀតថា កម្ពុជាត្រូវបានអង្គការសហប្រជាជាតិវាយតម្លៃថា បានបន្តរក្សាភាពស្អាតស្អំ និងកេរ្តិ៍ឈ្មោះល្អ ជាប្រទេសមួយក្នុងចំណោម១៤/១២២ប្រទេស ដែលមិនមានជាប់ពាក់ព័ន្ធនឹងអំពើហិង្សា និងការកេងប្រវ័ញ្ចជួញដូរផ្លូវភេទ។ ទន្ទឹមនេះយើងបានទទួលការកោតសរសើរ លើជំនាញកម្ទេច និងដោះបំផ្លាញគ្រឿងផ្ទុះក្នុង បេសកកម្ម MINUSMA ដែលប្រទេសមួយចំនួនមិនចូលរួមដោយសារប្រឈម ហានិភ័យការគំរាមកំហែងដោយគ្រោះធម្មជាតិព្យុះខ្សាច់សាហារ៉ា គ្រាប់មីន គ្រឿងផ្ទះកែច្នៃ ការវាយប្រហារអត្តឃាតពីក្រមភេរវករ ជំងឺឆ្លងEbola ជំងឺគ្រុនចាញ់។ល ។

នាឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាត បានឱ្យដឹងដែរថា រយៈពេល៣ត្រីមាសកន្លងមកនេះ ក្រសួងការពារជាតិបានចាត់ចែងនូវលំហាត់មួយ ចំនួនដូចជា៖ ១. លំហាត់ហ្វឹកហ្វឺនរួមគ្នា រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះ ប្រជាជនចិន «នាគមាសឆ្នាំ២០១៩» ដែលមានកម្លាំងចូលរួមកងយោធពលខេមរភូមិន្ទ ចំនួន២.៥៤២នាក់។ ២. សិក្ខាសាលាស្តីពីការចងសម្ព័ន្ធមេត្រីភាព រវាងកងយោធពល ខេមរភូមិន្ទជាមួយក្រសួង ស្ថាប័នរដ្ឋ វិស័យឯកជនរយៈពេល៣ឆ្នាំ(២០១៥-២០១៨)។ ៣. លំហាត់ហ្វឹកហ្វឺន «មហារំអិល១៩ ក្រោមប្រធានបទ”ប្រឆាំងនឹងការប្លន់នាវាដឹកប្រេង”»  និង៤. លំហាត់ហ្វឹកហ្វឺនហនុមានមាស២០១៩ ដែលមានកម្លាំងចូលរួមចំនួន១.៥៩៥នាក់ជាដើម៕

ដោយ សំ សាម៉ន