ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានមោទនភាពចំពោះសញ្ញាបត្រនៅកម្ពុជា

វិទ្យុជាតិកម្ពុជា: លោកស្រី ប៉ុង សុភាវី ០២ តុលា ២០១៩៖

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានមោទនភាពចំពោះសញ្ញាបត្រនៅកម្ពុជា ព្រោះវិស័យអប់រំកម្ពុជា ចាប់ផ្ដើមពីអ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះ។ ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិត សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ កាលពីព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៏ថា សម្ដេចមានមោទនភាពចំពោះសញ្ញាបត្រនៅកម្ពុជា ព្រោះការចាប់ផ្ដើមរបស់វិស័យអប់រំនៅកម្ពុជា គឺផ្ដើមពីអ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនេះចេះ ។ សម្ដេចតេជោ បញ្ជាក់ថា រាជរដ្ឋាភិបាល បានចាត់ទុកការបណ្ដុះបណ្ដាលធនធានមនុស្ស គឺជាវិស័យអាទិភាពក្នុងការអភិវឌ្ឍប្រទេស។
សម្លេង៖ វិស័យអប់រំរបស់កម្ពុជា ខ្ញុំនៅតែមានមោទនភាព ដោយសារការដែលយើងចេញដំណើរមក សូមកុំភ្លេចណា យើងអត់បានទទួលមរតកដូចកាលពីសម្ដេចព្រះនរោត្ដមសីហនុព្រះបរមរតនកោដ្ឋទទួលមរតកបន្សល់ទុកពីបារាំង ហើយព្រះអង្គបានប្រឹងកសាងរយៈពេល១៦ ទៅ១៧ឆ្នាំ ធ្វើអោយប្រទេសកម្ពុជារីកចម្រើន លន់ណុលបានទទួលមរតកពីសម្ដេចព្រះនរោត្តមសីហនុ ដោយសម្ដេចព្រះនរោត្តមសីហនុ រក្សាទុកទាំងអស់ឲ្យលន់ណុល ប៉ុន្តែត្រូវដែលបំផ្លាញដោយសង្គ្រាមរយៈពេល៥ឆ្នាំ ទោះបីវាក៏បំផ្លាញ តែវាក៏នៅសេសសល់ដែលបានសល់ទុកឲ្យប៉ុលពតមកតាមក្រោយ សូម្បីតែរថយន្តឬស្អីស្អី រោងចក្រមួយចំនួន លន់ណុលបន្សល់ទុកឲ្យប៉ុលពត ប៉ុន្តែត្រូវបំផ្លាញឯយើងវិញទទួលមរតកពីរបបប៉ុលពត តើអ្វីខ្លះដែលយើងបានទទួលមរតកពីប៉ុលពត មិនមែនគ្រាន់តែទទួលនូវសមទ្ធិផលដែលរក្សាទុកពីពលពតទេ តែផលវិបាករាប់មិនអស់ដែលយើងទទួលពីប៉ុលពត ស្ត្រីមេម៉ាយ កុមារកំព្រា មនុស្សត្រូវដើររកភូមិឋាន ដើម្បីវិលត្រឡប់ទៅកាន់លំនៅដើមរបស់ខ្លួនវិញ រូបភាពនៅសេសសល់ទីក្រុងភ្នំពេញអត់មានមនុស្សនៅទេ មិនថាទៅទីក្រុងភ្នំពេញទេ ទីក្រុងទាំងអស់៕