ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសថា ឆ្នាំនេះទោះទឹកទន្លេមេគង្គមានកំពស់ត្រឹមតែ១ម៉ែត្រ ក៏ត្រូវរៀបចំពិធីបុណ្យអុំទូកដែរ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ស្រី​ ផន​ វាសនា​៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅថ្ងៃទី២ ខែតុលា នេះ បានប្រកាសយ៉ាងដាច់អហង្ការថា ទោះបីជាឆ្នាំនេះ ទោះទឹកទន្លេមេគង្គមានកំពស់ត្រឹមតែ១ម៉ែត្រក៏ដោយ ក៏ត្រូវរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកដែរ។ការបញ្ជាក់របស់សម្តេចតេជោ បែបនេះ ខណៈដែល ទណ្ឌិត សម រង្សី បានប្រកាសថា នឹងវិលត្រឡប់ចូលស្រុកខ្មែរវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះ ដែលចំពេលដែលកម្ពុជារៀបចំពិធីបុណ្យឯករាជ្យជាតិ គឺមុនមួយថ្ងៃនៃពិធីបុណ្យ អុំទូក។ សម្តេចតេជោ បញ្ជាក់ថា សម្តេចក៏ចង់ស្គាល់រសជាតិ ការផ្តួចរំលំរដ្ឋាភិបាលនៅថ្ងៃទី៩ ខែវិច្ឆិកានេះដែរ ព្រោះបើយើងមិនរៀបចំពិធីបុណ្យអុំទូក ពួកប្រឆាំងនឹងថា យើងខ្លាច ដូច្នេះ យើងត្រូវតែរៀបចំពិធីបុណ្យអុំទូក។ សម្តេចតេជោ ក៏បានប្រកាសថា សំរាប់អ្នកនៅក្នុងស្រុក បើអ្នកចូលរួមជាមួយក្រុមប្រឆាំងអ្នកនឹងត្រូវមានទោស ផ្តួលរំលំរដ្ឋាភិបាល ប៉ុន្តែបើសារភាព នឹងរួចទោស។