សម្តេចតេជោ បានចាត់ទុកពាក្យសម្តីរបស់ទណ្ឌិត សម រង្ស៉ី ថា «ព្រះមហាក្សត្រជាអាយ៉ងហ៊ុន សែន » ជាការប្រមាថព្រះជេស្តាព្រះមហាក្សត្រ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ស្រី​ផន​ វាសនា​៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចាត់ទុកពាក្យសម្តីរបស់ទណ្ឌិត សម រង្ស៉ី ថា «ព្រះមហាក្សត្រជាអាយ៉ងហ៊ុនសែន» ជាការប្រមាថព្រះជេស្តាព្រះមហាក្សត្រ ហើយក៏ជាទង្វើកំពុងធ្វើរដ្ឋប្រហាររបបរាជានិយម។ សម្តេចតេជោ បានថ្លែងបែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅថ្ងៃទី២ ខែតុលា នេះ។សម្តេចតេជោ ក៏បានផ្តាំទៅដល់បុគ្គលទាំងឡាយដែលកំពុងធ្វើយុទ្ធនាការ «ម្រាមដៃ៩» គឺជាការចូលរួមទង្វើក្បត់ជាតិ ដែលត្រូវតែប្រឈមនឹងការមានទោស។ជាមួយគ្នានេះ ក៏ផ្តាំទៅអ្នកនៅក្នុងស្រុកទាំងអស់កុំព្រហើន សកម្មភាពទណ្ឌិត សម រង្ស៉ី ឈានចូលដល់ការធ្វើរដ្ឋប្រហារ ហើយ។ សម្តេចតេជោ បានបញ្ជាក់ថា ដីកាស្តីពីការតាមចាប់ខ្លួនរបស់ទណ្ឌិត សម រង្ស៉ី និងបក្ខពួក ត្រូវបានបញ្ជូនទៅប្រទេសសមាជិកអាស៊ានអស់ហើយ។សម្តេចតេជោ បានប្រកាសអំពាវនាវទៅកាន់ថ្នាក់ដឹកនាំ និងសកម្មជនគណបក្សប្រជាជនទាំងអស់ ត្រូវរៀបចំ និងធានាឱ្យបានថាមានអំបុកហូបគ្រប់គ្នានៅថ្ងៃទី៩ វិច្ឆិកានិងសូមប្រជាពលរដ្ឋចូលរួមហូបអំបុកពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ដើម្បីចូលរួមការពារជាតិ សាសនា និងព្រះមហាក្សត្រ។