ទីក្រុងហាណូយបង្កើនកិច្ចសហប្រតិបត្តិការជាមួយរដ្ឋវិចតូរីយ៉ារបស់ប្រទេសអូស្រ្តាលី

AKP ភ្នំពេញ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩​ — លោក Nguyen Duc Chung ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបាននិយាយថា ទីក្រុងហាណូយរំពឹងថា នឹងមានកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយរដ្ឋវិចតូរីយ៉ា របស់អូស្រ្តាលី ហើយសង្ឃឹមថា ភាគីទាំងពីរនឹងបង្កើនទំនាក់ទំនងទ្វេដងនៅពេលខាងមុខ។

នៅក្នុងពិធីទទួលបដិសណ្ឋារកិច្ចលោកស្រី Linda Dessau ដែលជាអភិបាលរដ្ឋវិចតូរីយ៉ា លោក Chung បានសម្តែងនូវការរីករាយចំពោះការបង្កើនចំណងមិត្តភាពរវាងតំបន់ទាំងពីរចាប់តាំងពីឆ្នាំ ២០១៦ មក ជាពិសេសនៅក្នុងវិស័យវិនិយោគ ទេសចរណ៍ និងអប់រំ។

លោកបានជម្រាបជូនភ្ញៀវអំពីសមិទ្ធផលសេដ្ឋកិច្ច – សង្គមរបស់ទីក្រុងហាណូយនាពេលកន្លងមក ខណៈដែលលោកបាននិយាយថា ការធ្វើនគរូបនីយកម្មយ៉ាងឆាប់រហ័សបានបង្កបញ្ហាប្រឈមយ៉ាងខ្លាំងដល់អាជ្ញាធរមូលដ្ឋាន ដូចជាការបំពុលបរិស្ថាន ការកកស្ទះចរាចរណ៍ នឹងការកើនឡើងនៃចំនួនជនអន្តោប្រវេសន៍ជាដើម។

លោក Chung បានឆ្លៀតឱកាសនោះថ្លែងអំណរគុណដល់ប្រទេសអូស្ត្រាលី និងរដ្ឋវិចតូរីយ៉ា ដែលបានគាំទ្រក្នុងការរៀបចំកម្មវិធីប្រណាំងរថយន្ត Fomular One នៅឆ្នាំ ២០២០ ខាងមុខនេះ។ លោកប្រធានបានស្នើឱ្យទីក្រុង Melbourne ដែលជារដ្ឋធានីរបស់រដ្ឋវិចតូរីយ៉ា ជួយដល់ទីក្រុងហាណូយក្នុងការបណ្តុះបណ្តាលមន្ត្រីគ្រប់គ្រង នឹងបង្កើតបណ្តាញអាជីវកម្មសវនកម្ម។

លោកស្រីអភិបាលរដ្ឋបានសង្កត់ធ្ងន់លើភាពខ្លាំងរបស់ទីក្រុងមែលប៊ន ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាទ្រង់ទ្រាយធំ នឹងការនាំចេញបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិតនៅក្នុងវិស័យនេះ ដោយលោកស្រីបាននិយាយថា ភាគីទាំងពីរមានកិច្ចសហប្រតិបត្តិការល្អនៅក្នុងវិស័យនេះ។

លោកស្រីក៏បានបញ្ជាក់ផងដែរថា ទីក្រុងមែលប៊នអាចគាំទ្រទីក្រុងហាណូយនៅក្នុងវិស័យដែលលោក Chung បានលើកឡើង។ បន្ទាប់មក មន្ត្រីទាំងពីរបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងគណៈកម្មាធិការប្រជាជនក្រុងហាណូយ និងសាកលវិទ្យាល័យ RMIT ៕

( ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី )