នាឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០១៩ នេះចំនួនភ្ញៀវទេសច ទៅទស្សនាកម្សាន្ត ខេត្តកំពង់ចាម មានការកើនឡើង

វិទ្យុជាតិកម្ពុជា៖ដោយលោក ចិន សារ៉ាត ខេត្តកំពង់ចាម៖ ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាមអះអាងថា នាឱកាស បុណ្យភ្ជុំបិណ្ឌ ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ នេះ មានប្រជាជន បានដើរកំសាន្តលំហែកាយ នៅតាមរមណីយដ្ឋាន និងកន្លែងកំសាន្តនានា ក្នុងខេត្តសរុបប្រមាណជា ៤១.៩៩១នាក់ កើនឡើង ១% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំកន្លងទៅ ។
លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាមបានអោយដឹងថា នាឱកាស ៣ថ្ងៃ នៃថ្ងៃបិណ្ឌភ្ជុំ ភ្ញៀវបានទៅលេងកំសាន្តតាមរមណីដ្ឋានធម្មជាតិប្រវត្តិសាស្ត្រ និងរមណីដ្ឋានកែច្នៃ ទាំង ៧កន្លែង របស់ខេត្តកំពង់ចាម ក្នុងនោះ មាន ៖ ១.រមណីដ្ឋានទឹកឆា ២.រមណីដ្ឋានភ្នំប្រុស ភ្នំស្រី ៣.ប្រសាទនគរបាជ័យ ៤.ភ្នំហាន់ជ័យ ៥.ភ្នំជើងព្រៃ ៦.បឹងធំ និង៧.ទំនប់តាកុដ ។ ចំពោះ ទំនិញវិញ លោកថា ការលក់ដូរ ក៏ដូចជា តម្លៃទំនិញ ពុំសូវមានការកើនឡើងថ្លៃ ហួសប្រក្រតីឡើយ ។
ជាងនេះទៀត រាល់សេវាកម្មម្ហូបអាហារ ក្នុងវិស័យខាងលើ បានដំណើរការធម្មតា ដោយពុំមានការតម្លើងតម្លៃឡើយ ។
លោកប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានគូសបញ្ជាក់ថា មន្ទីរទេសចរណ៍ បានសហការជាមួយអាជ្ញាធរដែនដី រៀបចំរមណីយដ្ឋាន ប្រាសាទបុរាណ កន្លែងសម្រាប់ប្រជាជនកំសាន្ត និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងទេសចរបានល្អប្រសើរ ដោយពុំមានគ្រោះថ្នាក់កើតឡើងឡើយ ៕