រដ្ឋាភិបាលចិនគ្រោងបង្កើតសួនឧស្សាហកម្មកម្ពុជា ចិននៅតំបន់ស្វយ័តគ័ងស៊ី ប្រទេសចិនដើម្បីជួយដល់កម្ពុជា

វិទ្យុជាតិកម្ពុជា អត្ថបទ ហុក សុខរិន រូបភាព អ៊ឹម ភិរក្សនារីរតនៈ ថ្ងៃទី ១ ខែតុលា ឆ្នាំ២០១៩៖

 រដ្ឋាភិបាលចិនគ្រោងបង្កើតសួនឧស្សាហកម្មកម្ពុជា ចិន នៅតំបន់ស្វយ័តគ័ងស៊ី ប្រទេសចិន ដើម្បីជួយជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មនៃប្រទេសទំាង២។
មន្រ្តីជាន់ខ្ពស់ចិនបានឲ្យដឹងថា រដ្ឋាភិបាលរបស់ខ្លួនបានសម្រេចគម្រោងជាផ្លូវការមួយ ដោយគ្រោងភ្ជាប់កិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា លើផែនការបង្កើតសួនឧស្សាហកម្ម កម្ពុជា ចិន ស្ថិតនៅ សង្កាត់ធាងយាង ស្រុកប៉ៃអឺ ក្រុងប៉ៃស៊ឺ ក្នុងគោលដៅជួយជំរុញការផ្លាស់ប្តូរ ពាណិជ្ជកម្មនិងការចែករំលែកបទពិសោធន៍នៃការធ្វើពាណិជ្ជកម្មកសិកម្ម កសិឧស្សាហកម្មរវាង កម្ពុជា និងចិន។
ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកយកព័ត៌មានរបស់វិទ្យុជាតិកម្ពុជានៅឯប្រទេសចិនកាលពីពេលថ្មីៗនេះ លោកហ័ង គ័ងចឹង អ្នកទទួលខុសត្រូវផ្នែកតំបន់អភិវឌ្ឍន៍វិស័យបច្ចេកទេសជាន់ ខ្ពស់ គ័ងស៊ីបានឲ្យដឹងថា ក្រុមការងារជំនាញរបស់ចិននឹងមកកាន់ប្រទេសកម្ពុជានៅពេលឆាប់ៗ នេះ ដើម្បីជួបពិភាក្សាជាមួយមន្រ្តីជំនាញកម្ពុជាដែលឆ្ពោះទៅអភិវឌ្ឍន៍គម្រោងបង្កើតសួន ឧស្សាហកម្មកម្ពុជា ចិន នាពេលខាងមុខតាមការគ្រោងទុក។ លោកបានអៈអាងថា គម្រោង បង្កើតសួនឧស្សាហកម្មនេះនឹងត្រូវយកគំរូតាម សួនឧស្សាហកម្មម៉ាឡេស៊ី-ចិន ដែលវានឹងផ្តល់ ផលប្រយោជន៍ជាច្រើនដល់កម្ពុជា។
«ហេតុអ្វីបានជាយើងជ្រើសរើសយកស្រុកនេះមកធ្វើជាទីតំាងសួនឧស្សាហកម្ម ដោយ សារតែស្រុកនេះមានប្រភពនៃជនជាតជ័ង មានភូមិសាស្រ្តល្អ ដីសម្បូរធនធានធម្មជាតិជីជាតិ ហើយអាចបំពេញតម្រូវការសាងសង់កម្ពុជាចិនបាន។ ក្នុងសួនឧស្សាហកម្មនឹងគឺផ្តោតសំខាន់ លើវិស័យអេកូទេសចរណ៍ ការកែច្នៃផលិតកផលកសិកម្ម ឧស្សាហកម្មសេវាទំនើប និងមាន ព័ត៌មានវ័យឆ្លាត»។
តំណាងវិស័យឯកជនកម្ពុជាបានអៈអាង ការបង្កើតសួនឧស្សាហកម្មកម្ពុជា ចិននេះ នឹងជួយកម្ពុជាបានច្រើនលើការនាំចេញទំនិញផ្សេងៗជាច្រើនទៀតទៅកាន់ប្រទេសចិន ពិសេស ការចែករំលែកបទពិសោធន៍នានា លើការកែច្នៃ និងបង្កើនផលិតភាពនៅកម្ពុជា។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ នៅទីក្រុងប៉ៃស៊ឺ នៃតំបន់ស្វយ័តគ័ងស៊ី ប្រទេសចិន បានបង្កើតជាសួនបច្ចេកទេសកសិកម្មជាតិក្រុងប៉ៃស៊ឺ ដែលបានជួយបច្ចេកទេសដំាំដុះដំណាំស្វាយ និងប៉េងប៉ោះដល់កសិករនៅក្នុងតំបន់នោះ។ បន្ថែមពីនេះទៀតក៏មានរោងចក្រកែច្នៃភោគផង ទំាងនោះទៅជាអាហារក្រៀម ដែលជាប្រយោជន៍ដ៏សំខាន់ក្នុងការដោះស្រាយទីផ្សារកសិផល របស់ប្រជាកសិករ មិនអោយដំណាំជន់ជោរសល់ចោរឥតប្រយោជន៍៕