អាល្លឺម៉ង់ សន្យាបង្កើនកិច្ចសហប្រតិបត្តិការ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា

វិទ្យុជាតិកម្ពុជា អត្ថបទ ៖ជួន បូណា ០១ ១០ ១៩

ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានសន្យាបង្កើនកិច្ចសហប្រតិបត្តិការ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ដើម្បីផ្ដល់ផលប្រយោជន៍ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ។
ក្នុងឱកាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យចូលជូនសារតាំង និងសម្តែងការគួរសម កាលពីព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ នៅវិមានព្រឹទ្ធសភា ឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានលើកឡើងថា តាមរយៈបេសកកម្មការទូតរបស់ឯកឧត្តម នៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមនឹងខិតខំរួមចំណែកធ្វើឱ្យទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងរដ្ឋាភិបាល ប្រជាជននៃប្រទេសទាំងពីរ អាល្លឺម៉ង-កម្ពុជា ឱ្យកាន់តែល្អប្រសើរថែមទៀត ជាពិសេសអាល្លឺម៉ង់ចង់ជួយឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍសេដ្ឋកិច្ចបន្តទៅមុខទៀត។
ឯកឧត្តម បន្ដថា នឹងខិតខំជួយជំរុញឱ្យទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា ជាមួយនឹងសហគន៍អ៊ឺរ៉ុបឱ្យកាន់តែប្រសើឡើងផងដែរ។ ឯកឧត្តម Christian Berger ក៏បានជម្រាបសម្តេចប្រមុខរដ្ឋស្តីទីថា ឯកឧត្តមធ្លាប់បានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា កាលពីឆ្នាំ១៩៩១ ដែលពេលនោះ ប្រទេសកម្ពុជានៅជួបបញ្ហាលំបាកជាច្រើន ប៉ុន្តែបច្ចុប្បន្ន ប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។
ជាការឆ្លើយតប សម្តេចវិបុលសេនាភក្តី សាយ ឈុំ ជឿជាក់ថា ក្នុងឋានៈឯកឧត្តមជាឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា នឹងបន្តពូនជ្រុំចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរឡើងថែមទៀត និងខិតខំជំរុញឱ្យមានការផ្លាស់ប្តូរទៅវិញទៅមកលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ ទេសចរណ៍ អប់រំ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនឱ្យកាន់តែទូលំទូលាយ ដើម្បីនាំមកនូវប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។
សម្តេចប្រមុខរដ្ឋស្តីទី បានសម្តែងនូវសេចក្តីរីករាយ ដោយបានមើលឃើញចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ មានការរីកចម្រើនឈានឡើងជាបន្តបន្ទាប់។ ទំនាក់ទំនងល្អនេះ ស្តែងឡើងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំ និងឥស្សរជននៃប្រទេសទាំងពីរជាញឹកញាប់ ការកើនឡើងទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជាតាមរយៈការផ្តល់ជំនួយជាច្រើនដល់ប្រទេសកម្ពុជាកន្លងមកជាដើម
សម្តេច បានបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង និងស្ថាប័ន ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ត្រៀមខ្លួនជានិច្ចដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតដើម្បីលើកកម្ពស់ទំនាក់ទំនង នៃប្រទេសទាំងពីរ៕