វៀតណាម និងចក្រភពអង់គ្លេសរៀបចំ កិច្ចសន្ទនាគោលនយោបាយការពារជាតិលើកទី ២

AKP ភ្នំពេញ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩​ — កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ កិច្ចសន្ទនាគោលនយោបាយការពារជាតិលើកទី២ នៅថ្នាក់  អនុរដ្ឋមន្រ្តីរវាងវៀតណាម និងចក្រភពអង់គ្លេសបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ ក្រោមអធិបតីភាព អនុរដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាម លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh និងរដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Baroness Goldie ។

ភាគីទាំងពីរបានលើកឡើងអំពីគោលបំណង និងសារៈសំខាន់នៃកិច្ចសន្ទនាគោលនយោបាយការពារជាតិរវាងវៀតណាម – ចក្រភពអង់គ្លេស និងការអភិវឌ្ឍន៍ជាវិជ្ជមានក្នុងទំនាក់ទំនងការពារជាតិទ្វេភាគីនាពេលបច្ចុប្បន្ននេះ ជាពិសេសបន្ទាប់ពីប្រទេសទាំងពីរបានធ្វើអនុស្សារណៈយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី នឹងបានរៀបចំកិច្ចសន្ទនានេះប្រកបដោយជោគជ័យ កាលពីលើកដំបូង។

ពួកគេបានអះអាងថា កិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ បាននឹងកំពុងរីកចម្រើនលើវិស័យផ្សេងៗគ្នា ដូចជាការបណ្តុះបណ្តាលភាសាអង់គ្លេស ព័ស្តុភារ វារីអគ្គិសនី និងឧស្សាហកម្មការពារជាតិ។

ភាគីទាំងពីរបានគូសបញ្ជាក់អំពីភាពចាំបាច់ដើម្បីបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ ដើម្បីលើកកម្ពស់ការយោគយល់គ្នាទៅវិញទៅមក។

លោក Vinh បាននិយាយថា រដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាម ឧត្តមសេនីយ៍ Ngo Xuan Lich នឹងធ្វើទស្សនកិច្ចផ្លូវការទៅកាន់ចក្រភពអង់គ្លេសក្នុងពេលខាងមុខនេះ ហើយប្រទេសវៀតណាមបានត្រៀមខ្លួនរួចជាស្រេចដើម្បីសម្រួលដល់ដំណើរទស្សនកិច្ចលើកក្រោយ ដោយនាវាកងទ័ពជើងទឹកអង់គ្លេសទៅកាន់ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ។

លោកបានអំពាវនាវឱ្យភាគីចក្រភពអង់គ្លេសបន្តផ្លាស់ប្តូរបទពិសោធន៍ លើផ្នែកវេជ្ជសាស្ត្រយោធា ការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងជំរុញការផ្លាស់ប្តូរគ្នាក្នុងចំណោមមន្រ្តីវ័យក្មេងនៃកងទ័ពទាំងពីរ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)