ទំនាក់ទំនងរវាងវៀតណាម និងឥណ្ឌាដើរតួនាទី យ៉ាងសំខាន់នៅថ្នាក់តំបន់ និងពិភពលោក

AKP ភ្នំពេញ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩​ — ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាម លោក Pranay Verma បានផ្តល់បទសម្ភាសន៍មួយដល់ទីភ្នាក់ងារសារព័ត៌មានវៀតណាមក្នុងឱកាសខួបគម្រប់១៥០ឆ្នាំរបស់លោក មហាត្មៈ គន្ធី ជាវីរៈបុរសជាតិឥណ្ឌា ដែលបានដឹកនាំប្រទេសឥណ្ឌាក្នុងការតស៊ូដើម្បីឯករាជ្យជាតិ។

នៅក្នុងបទសម្ភាសន៍នោះ លោកបាននិយាយអំពីភាពស្រដៀងគ្នានៅក្នុងមនោគមវិជ្ជារបស់លោក មហាត្មះ គន្ធី និងប្រធានាធិបតីវៀតណាម លោក ហូជីមិញ សមិទ្ធិផល និងទស្សនវិស័យនៃទំនាក់ទំនងរវាងឥណ្ឌា – វៀតណាម ព្រមទាំងអាទិភាពរបស់លោកក្នុងកំឡុងពេលធ្វើការងារនៅក្នុងប្រទេសវៀតណាម។

បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងឥណ្ឌា – វៀតណាមមានលក្ខណៈជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលវាគ្របដណ្តប់លើពហុវិស័យ រាប់ចាប់ពីការចូលរួមផ្នែកនយោបាយរហូតដល់ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគ កិច្ចសហប្រតិបត្តិការថាមពល ភាពជាដៃគូអភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។

ការចូលរួមយ៉ាងទូលំទូលាយនេះឆ្លុះបញ្ចាំងអំពីទំនាក់ទំនងដ៏ពិសេសដែលយើងចែករំលែក និងភាពស៊ីជម្រៅនៃការជឿទុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក។

និយាយជារួម ខ្ញុំនៅតែមានសុទិដ្ឋិនិយមខ្ពស់ចំពោះអនាគតនៃទំនាក់ទំនងរបស់យើង ហើយខ្ញុំជឿជាក់ថា ក្នុងនាមជាប្រទេសដ៏សំខាន់ពីររបស់តំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក និងជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនយ៉ាងលឿនបំផុតនោះ ទំនាក់ទំនងរបស់យើងមានទិសដៅដើរតួនាទីយ៉ាងសំខាន់នៅក្នុងថ្នាក់តំបន់ និងថ្នាក់ពិភពលោក៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)