ប្រមុខការទូតកម្ពុជាថា ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋ នាំមកនូវមាគ៌ាសន្តិភាព និងវឌ្ឍនភាព

វិទ្យុជាតិកម្ពុជា៖ អាត ចន្ធូ ៖

 ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានគូសបញ្ជាក់ថា ការគោរពគោលការណ៍សមភាព និងអធិបតេយ្យភាព ការគោរពសិទ្ធិក្នុងការចាត់ចែងជោគវាសនាដោយខ្លួនឯង និងគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋ ដូចមានចែងក្នុងធម្មនុញ្ញ អ.ស.ប មានសារៈសំខាន់ចាំបាច់ក្នុងការធានាឱ្យពហុភាគីនិយមរស់រានបន្ត និងអាចស្វែងរកនូវមាគ៌ាសន្តិភាព និងស្ថិរភាព សាមគ្គីភាព និងវឌ្ឍនភាព។
តាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ដែលបានចេញផ្សាយនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩នេះ ស្ដីពីលទ្ធផលនៃការចូលរួមកិច្ចពិភាក្សាទូទៅក្នុងសម័យប្រជុំលើកទី៧៤ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងញូវយ៉ក បានឲ្យដឹងថា ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិបានលើកឡើងអំពីតថភាពនៃពិភពលោកពហុប៉ូល និងភាពផុយ
ស្រួយនៃពហុភាគីនិយម ដោយសារកិច្ចគាំពារនិយម និងឯកតោភាគីនិយម និងការបន្តជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ដោយបំពានលើធម្មនុញ្ញរបស់ អ.ស.ប ។ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រីបន្ថែមថា ការជ្រៀតជ្រែកគ្រប់រូបភាពនៅបន្តកើតមានឡើង ហើយព័ត៌មានក្លែងក្លាយបានក្លាយទៅជាអំណះអំណាងនៃការជ្រៀតជ្រែកផង និងជាឧបករណ៍នៃនយោបាយអន្តរជាតិផង។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអង្គមហាសន្និបាតអំពីបច្ចុប្បន្នភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា ដែលផ្តោតជាសំខាន់លើគុណភាព និងបរិយាប័ន្ននៃការអភិវឌ្ឍឈរលើស្មារតី“មិនទុកនរណាម្នាក់ចោលឡើយ” ការចូលរួមចំណែករបស់កម្ពុជាក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់ អ.ស.ប និងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបន្តគាំទ្រលើ
ពហុភាគីនិយម ពាណិជ្ជកម្មសេរី និងសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើវិធានច្បាប់ និងមាន
អ.ស.ប ជាស្នូល។
សូមបញ្ជាក់ថា ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានទៅចូលរួមប្រជុំលើកទី៧៤ នៃមហាសន្និបាតអ.ស.ប ក្រោមមូលបទ “ជំរុញកិច្ចប្រឹងប្រែងពហុភាគី សម្រាប់ការលុបបំបាត់ភាពក្រីក្រ ការអប់រំប្រកបដោយគុណភាព សកម្មភាពអាកាសធាតុ និងបរិយាប័ន្ន” និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀត ពីថ្ងៃទី ២៣ដល់ថ្ងៃ ២៨ ខែ កញ្ញា ឆ្នាំ ២០១៩ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ៕