អភិបាលខេត្តបាត់ដំបង ជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋដែលជិះរថយន្តក្រុង ត្រឡប់ទៅរាជធានីភ្នំពេញវិញ

AKP បាត់បង ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ -នៅព្រឹកថ្ងៃចន្ទ ២កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹង ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះ សំណាល និង ជូនដំណើរបងប្អូនប្រជាពលរដ្ឋដែលមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងត្រូវត្រឡប់ទៅរាជធានីភ្នំពេញវិញ តាមរយៈរថយន្តក្រុងសាធារណៈរបស់រដ្ឋដោយឥតគិតថ្លៃ ដែលផ្តល់ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅចំណតរថយន្តក្រុងផ្សារទំនើប ភួ ពុយ ក្រុងបាត់ដំបង ។

ក្នុងការជួបសំណេះសំណាល និងជូនដំណើរបងប្អូនប្រជាពលរដ្ឋនាឱកាសនោះផងដែរ ឯកឧត្តម អភិបាលខេត្ត ព្រមទាំងក្រុមការងារ បានផ្តល់ជូនជាអាហារសម្រន់ដល់បងប្អូនប្រជាពលរដ្ឋ ជាអ្នកដំណើរចំនួន ៧៨៥នាក់ មាននំបុ័ង និង ទឹកបរិសុទ្ធ ព្រមទាំងផ្តល់ថវិកាឧបត្ថម្ភជូនដល់អ្នកបើកបររថយន្តក្រុង និង ក្រុមជាងជួសជុលរថយន្តចំនួន ៣៧នាក់ ដោយក្នុងម្នាក់ៗថវិកា ៤ម៉ឺនរៀល ។ ដោយមានការគាំទ្រច្រើនពីបងប្អូនប្រជាពលរដ្ឋ ក្នុងការជិះរថយន្តក្រុងសាធារណៈរបស់រដ្ឋ ដែលផ្តល់ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានចំនួនច្រើន ហើយរថយន្តក្រុងសារធារណៈរបស់រដ្ឋចំននួ ១៥គ្រឿង ជិះមិនបានគ្រប់គ្នា ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានជួលរថយន្តក្រុងចំនួន ២គ្រឿងបន្ថែមទៀត ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងការត្រឡប់ទៅរាជធានីភ្នំពេញវិញ។

សូមបញ្ជាក់ដែរថា ក្នុងឱកាសពិធីបុណ្យបិណ្ឌកន្លងមកនេះ រាជរដ្ឋាភិបាកកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានផ្តល់រថយន្តក្រុងដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃ ចំនួន ១២០គ្រឿង ទៅតាមបណ្ដាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនោះខេត្តបាត់ដំបងមានចំនួន ១៥គ្រឿង ដោយចាប់ពីថ្ងៃទី២៦ ដល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ៕

ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង)