ឥណ្ឌូណេស៊ីរំពឹងថាទឹកភ្លៀងនឹងអាចជួយពន្លត់ភ្លើងឆេះព្រៃបាន

វិទ្យុជាតិកម្ពុជាៈ លោក ភួង ឈុនលាង៖


ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់ឥណ្ឌូនេស៊ី បានឲ្យដឹងថា រដូវវស្សានឹងនាំមកនូវទឹកភ្លៀងដែលអាចជួយពន្លត់ភ្លើងឆេះព្រៃដែលកំពុងឆាបឆេះនៅតាមតំបន់នានានៃកោះស៊ូម៉ាត្រានិងកោះកាលីម៉ាន់តាន់ របស់ឥណ្ឌូនេស៊ីក្នុងពេលឆាប់ៗនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃ ទី៣០ ខែកញ្ញា ឆ្នាំ២០១៩។
ឥណ្ឌូណេស៊ីបានព្យាយាមប្រឹងប្រែងពន្លត់ភ្លើងឆេះព្រៃបង្កឡើងដោយការដុតព្រៃធ្វើកសិកម្ម ខណៈ បាតុភូតអាកាសធាតុ (អេ នី ណូ) El Nino បានធ្វើឲ្យរដូវក្តៅកាន់តែកើនឡើង។មិនតែប៉ុណ្ណោះភ្លើងឆេះព្រៃទាំងនោះ ក៏បានបង្កើតជាផ្សែងពុលរាលដាលដល់ប្រទេសជិតខាងដូចជាម៉ាឡេស៊ី សិង្ហបុរី និងថៃជាដើម។
ប្រភពដដែលបានបន្តថាតាមរយៈរូបភាពផ្កាយរណប និងការអង្កេតផ្ទាល់នោះគេរំពឹងថាភ្លើងឆេះព្រៃឥណ្ឌូណេស៊ីក្នុងឆ្នាំ២០១៩ នេះនឹងរលត់ក្នុងពេលឆាប់ៗខាងមុខ ព្រោះគេសង្កេតឃើញថាប៉ុន្មានថ្ងៃចុងក្រោយនេះ ចំណុចភ្លើងឆេះព្រៃបានថយចុះដល់ទៅ ៧៨ភាគរយ ហើយភ្លៀងក៏បានចាប់ផ្តើមធ្លាក់ជាបណ្តើរៗផងដែរ៕
ប្រភពៈ សារព័ត៌មាន Channel News Asia