ក្រសួងទេសចរណ៍បង្ហាញថា រយៈពេល៣ថ្ងៃនៃបុណ្យភ្ជុំបិណ្ឌ ភ្ញៀវទេសចរចេញទស្សនានៅទូទាំងប្រទេសមានជាង ១លាន៤សែននាក់

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

ភ្នំពេញ៖ក្រសួងទេសចរណ៍បញ្ជាក់ថារយៈពេល៣ថ្ងៃនៃបុណ្យភ្ជុំបិណ្ឌចាប់ពីថ្ងៃទី២៧-២៩ខែកញ្ញា ឆ្នាំ២០១៩ ភ្ញៀវទេសចរចេញទស្សនានៅទូទាំងប្រទេសមានជាង១លាន៤សែននាក់កើនឡើងជាង៣៧ភាគរយបើប្រៀប​ធៀបទៅនឹងភ្ជុំបិណ្ឌឆ្នាំ២០១៨។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានប្រាប់អ្នកសារព័ត៌មាននៅ ថ្ងៃទី៣០ ខែកញ្ញានេះថា ក្នុងចំណោមភ្ញៀវទេសចរជាង១លាន៤សែននាក់នោះមានភ្ញៀវទេសចរអន្តរជាតិ ចំនួន ៧៦,៧៤៨នាក់ កើនឡើង ៩៨.១៤ភាគរយ។ ការកើនឡើងនៃភ្ញៀវទេសចរនេះដោយសារតែ កម្ពុជាមានសន្តិភាព ស្ថិរភាពនយោបាយ ដែលជាមូលដ្ឋាននៃការអភិវឌ្ឍ នាំមកនូវការរីកចម្រើនខាងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។

ឯកឧត្តមបានអះអាងថា យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ក្រុមការងារសង្កេតឃើញថា  ការរៀបចំរមណីយដ្ឋាន និងគោលដៅទេសចរណ៍មានការរីកចម្រើនកាន់តែប្រសើរ ដែលធ្វើឲ្យចំនួនភ្ញៀវទេសចរមានការកើនឡើង ទោះបីជាតំបន់ខ្លះមានភ្លៀងធ្លាក់ក៏ដោយ។ អាចទប់ស្កាត់ការដំឡើងថ្លៃហួសហេតុលើម្ហូបអាហារ និងសេវាកម្មទេសចរណ៍ ដោយមានការបិទតម្លៃជម្រាបជូនភ្ញៀវជាមុនបានត្រឹមត្រូវ ស្របតាមសារាចរណែនាំរបស់ក្រសួងទេសចរណ៍។ បើទោះបីនៅតែជាបញ្ហាស្មុគស្មាញ តែបញ្ហាបរិស្ថានអនាម័យល្អប្រសើរជាងមុន ដោយភ្ញៀវទេសចរ និងប្រជាពលរដ្ឋមានការយល់ដឹងនិងភ្ញាក់រលឹក ដោយមានការចុះអប់រំណែនាំពីមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ។ បញ្ញាសន្តិសុខសុវត្ថិភាពក៏មានភាពល្អប្រសើរ ដោយមន្ទីរទេសចរណ៍បានសហការណ៍យ៉ាងជិតស្និទ្ធជាមួយកម្លាំងមានសមត្ថកិច្ច ចាត់តាំងក្រុមការងារប្រចាំការនៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងមានការលើកស្លាកសញ្ញាគ្រោះថ្នាក់នៅតាមតំបន់ដែលងាយរងគ្រោះ។

លោកស្រី ឆាយ ស៊ីលីន ប្រធានទីភ្នាក់ងារទេសចរណ៍កម្ពុជានៅរសៀលថ្ងៃទី៣០ ខែកញ្ញានេះ បានវាយតម្លៃខ្ពស់ចំពោះកំណើនភ្ញៀវទេសចរទាំងភ្ញៀវជាតិ និងអន្តជាតិ ដែលបានធ្វើដំណើរកំសាន្តនៅតាមបណ្តាខេត្តនានាទូទាំងប្រទេសមានការកើនឡើងគួអោយកត់សម្គាល់។ជាក់ស្តែងនៅខេត្តកោះកុង និងខេត្តត្បូងឃ្មុំមានប្រជាពលរដ្ឋទៅលេងច្រើនខុសពីឆ្នាំមុនៗដែលមិនសូវមានអ្នកចេញទៅដើរកំសាន្តឡើយ។

លោកស្រី ស្នើឲ្យស្ថាប័នពាក់ព័ន្ធ និងក្រុមអាជីវកលក់ដូរត្រូវបន្តពង្រឹងគុណភាពផលិតផល និងកុំតម្លើងថ្លៃ ហើយប្រជាពលរដ្ឋទាំងអស់គ្នាចូលរួមថែរក្សាបរិស្ថានភូមិស្រុករបស់ខ្លួនឲ្យបានស្អាតដើម្បីទាក់ទាញភ្ញៀវទេសចរទៅកំសាន្តនៅឆ្នាំក្រោយទៀត៕