កងកម្លាំងនគរបាលវិរៈសេនាតូចលេខ៧៩៣ឈរជើងនៅច្រកអានសេះ​ បានទទួលអំណោយ​ពីប្រតិភូខណ្ឌ៣ និងមន្ទីរសាធារណការរាជធានី​ភ្នំពេញ​

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​៖


​ ខេត្ត​ព្រះវិហារ ៖ នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ប្រតិភូមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ រួមជាមួយសាលាខណ្ឌព្រែកព្នៅ សាលាខណ្ឌពោធិ៍សែនជ័យ និងសាលាខណ្ឌកំបូល បានចុះសួរសុខទុក្ខកងកម្លាំងនគរបាលវរៈសេនាតូចលេខ ៧៩៣ ការពារព្រំដែនច្រកអានសេះ ទិសខេត្តព្រះវិហារ ចំនួន ២៧៦នាក់ និងបានឧបត្ថម្ភជាសម្ភារៈ និងថវិកាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ។

លោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ សាំ ពិសិដ្ឋ បានថ្លែងកោតសរសើរ ដោយស្មោះអស់ពីដួងចិត្ត ចំពោះវរភាពដ៏អង់អាចក្លាហានរបស់បងប្អូនវរៈនគរបាលនៅសមរភូមិមុខ នាតំបន់ប្រាសាទព្រះវិហារ ដែលបានតស៊ូជម្នះគ្រប់ ឧបសគ្គគ្រប់យ៉ាង និងហ៊ានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុ ការពារជាតិ មាតុភូមិ និងការពារបូរណភាពទឹកដីរបស់យើង ដោយមិនអោយសត្រូវឈ្លានពានមកលើទឹកដីកម្ពុជាយើង បានជាដាច់ខាត សូម្បីមួយចំអាម ឬមួយមីល្លីម៉ែត្រ ។
​ គណៈប្រតិភូបានជូនអំណោយរួមមាន មានទឹកភេសជ្ជៈចំនួន ៨០កេស ស្រាបៀរ ៨០កេស និងមី ៨០កេសធំ ទឹកសុទ្ឋ ៨០កេស ព្រមទាំងផ្តល់ថវិកាដល់កងកម្លាំងនគរបាលវរៈសេនាតូចលេខ ៧៩៣ ចំនួន ២៦៩នាក់ ដោយម្នាក់ៗទទួលបាន ៥ម៉ឺនរៀល ។ ចំណែកមេបញ្ជាការភូមិភាគ ម្នាក់ ៥០ម៉ឺនរៀល មេបញ្ជាការរងភូមិភាគ៤ ម្នាក់ ចំនួន ៨០ម៉ឺនរៀល ។ មេវរៈ ម្នាក់ ៥០ម៉ឺនរៀល និងអនុវរៈ ចំនួន ៦នាក់ ដោយម្នាក់ៗ បាន ២០ម៉ឺនរៀល ព្រមទាំងគ្រួសារកងទ័ព ចំនួន ២០៤គ្រួសារ ក្នុង១គ្រួសារ ២ម៉ឺនរៀលផងដែរ ។