អ្នករាយការណ៍ផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ប្រឆាំងទណ្ឌិត សម រង្ស៉ី លើគម្រោងផ្តួលរំលំរាជរដ្ឋាភិបាល

វិទ្យុជាតិកម្ពុជា
(ភ្នំពេញ)៖ អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត ប្រកាសប្រឆាំងទណ្ឌិត សម រង្ស៉ី លើគម្រោងកៀរគរប្រជាពលរដ្ឋ និងកម្លាំងប្រដាប់អាវុធដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន។

ការប្រឆាំងរបស់លោកស្រី រ៉ូណា ស្មីត ធ្វើឡើងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី៤២ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី២៥ ខែកញ្ញា ម្សិលមិញនេះ។

ក្នុងកិច្ចប្រជុំនោះ លោកស្រី រ៉ូណា ស្មីត បានលើកឡើងដូច្នេះថា «លោក សម រង្ស៉ី សហស្ថាបនិកគណបក្សសង្រ្គោះជាតិ ដែលកំពុងរស់នៅនិរទេសខ្លួនចាប់ពីឆ្នាំ២០១៥ បានបន្តប្រើភាសាប្រទូសរ៉ាយប្រឆាំងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងអ្នកដទៃ រាប់បញ្ចូលទាំងការ អំពាវនាវឱ្យពលរដ្ឋកម្ពុជា ផ្តួលរំលំរដ្ឋាភិបាល ដែលទាំងនេះ ខ្ញុំប្រាកដជាមិនគាំទ្រដាច់ខាត»។

ទណ្ឌិតរុំស្រោបដោយទោសទណ្ឌ សម រង្ស៉ី នៅពេលថ្មីៗនេះបានប្រកាសកំណត់យកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដើម្បីវិលចូលប្រទេសកម្ពុជាវិញ។ ជាមួយការប្រកាសវិលចូលស្រុកទណ្ឌិតរូបនេះ បានធ្វើសកម្មភាពអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋងើបឡើងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ ការប្រកាសរបស់ទណ្ឌិតរូបនេះ ត្រូវបានចាត់ទុកជាទង្វើរដ្ឋប្រហាររាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោត ដែលជាទង្វើផ្ទុយនឹងច្បាប់របស់កម្ពុជា។

ទង្វើនេះនាំឱ្យមានការប្រតិកម្ម និងប្រឆាំងដាច់ខាតពីប្រជាពលរដ្ឋខ្មែរ ព្រោះគេមើលឃើញជាទង្វើនាំដល់កើតសង្គ្រាមនៅកម្ពុជា។ បើទោះបីជាយ៉ាងណារាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីនគរបាលអនុវត្តន៍ច្បាប់បានប្រកាសរួចហើយក្នុងការអនុវត្តន៍ច្បាប់ចំពោះទណ្ឌិតរូបនេះ បើពិតជាចូលមកប្រទេសកម្ពុជាវិញមែននោះ៕