ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទទួលថវិកាពីឯកឧត្តម ស៊ុន ចាន់ថុល បានបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៦ខែកញ្ញា ឆ្នាំ២០១៩ — ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃ “មូលនិធិគន្ធបុប្ផាកម្ពុជា” បានទទួលជួបសំណេះសំណាលជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងសហការី ដែលបាននាំមកនូវថវិកាសប្បុរសធម៌ចំនួន ៧៦.០០៦.០០០ រៀល ដែលបានមកពីការបរិច្ចាគប្រចាំឆ្នាំរបស់អង្គភាពក្រោមឱវាទក្រសួង និងប្រាក់ដុល្លារចំនួន ៩៥.៤៨២ដុល្លារអាម៉េរិក ដែលបានមកពីការផ្តួចផ្តើមរៀបចំកម្មវិធីជិះកង់ ដើម្បីសុខភាព ត្រួតពិនិត្យផ្លូវ និងរៃអង្គាសថវិកា នៅខេត្តសៀមរាបកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩​កន្លងទៅ ដើម្បីបរិច្ចាគជូន “មូលនិធិគន្ធបុប្ផាកម្ពុជា” រួមទាំងថវិកាដែលជាការចូលរួមផ្ទាល់របស់ឯកឧត្តមទេសរដ្ឋមន្រ្តីចំនួន ៥.០០០ដុល្លារអាម៉េរិកផងដែរ។
ការទទួលជួបសំណេះសំណាល និងទទួលថវិកានេះធ្វើឡើងកាលពីរសៀលថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្នុងនាមប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរដល់ ឯកឧត្តម ស៊ុន ចាន់ថុល និងសហការីទាំងអស់ចំពោះការផ្តល់វិភាគទានដ៏សប្បុរសធម៌ជូនមូលនិធិគន្ធបុប្ផាកម្ពុជា​ ឆ្លើយតបចំពោះការអំពាវនាវ និងលើកទឹកចិត្តរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបំផុសចលនាផ្សព្វផ្សាយ និងលើកទឹកចិត្តក្នុងការបន្តផ្តល់វិភាគទានសប្បុរសធម៌ តាមរយៈការចូលរួមជាសមាជិក មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងស្មារតី “ខ្មែរជួយខ្មែរ”។


ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានរម្លឹកអំពីសាវតានៃការបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជា ក៏ដូចជាការរួមចំណែករបស់ មូលនិធិគន្ធបុប្ផាស្វ៊ីស និងគុណបំណាច់ដែលមិនអាចកាត់ថ្លៃបានរបស់លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត Beat Richner ផងដែរ។

ជាការឆ្លើយតប ឯកឧត្តម ស៊ុន ចាន់ថុល បានសម្តែងការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងជាពិសេស ការគិតគូរអំពីសុខុមាលភាពរបស់កុមារ តាមរយៈការបង្កើត មូលនិធិគន្ធបុប្ផាកម្ពុជា នេះឡើង ដើម្បីចូលរួមធានានិរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា។ ឯកឧត្តម ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានរួមចំណែកក្នុងការគាំទ្រដល់ការគិតគូររបស់រាជរដ្ឋាភិបាលក្នុងការងារមនុស្សធម៌នេះ និងសន្យាបន្ត និងបំផុសចលនាគាំទ្រ និងចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានអំពាវនាវ និងបន្តលើកទឹកចិត្តថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់នៃក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាក្រសួង-ស្ថាប័នរដ្ឋ ក្រុមហ៊ុន និងបណ្តាសាធារណជន ឱ្យចូលរួមបរិច្ចាគ និងចូលជាសមាជិក មូលនិធិគន្ធបុប្ផាកម្ពុជា ទៅតាមលទ្ធភាពដោយប្រកាន់ខ្ជាប់នូវស្មារតី និងគុណធម៌ “ខ្មែរជួយខ្មែរ” ដើម្បីធានាបាននូវនិរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង ០៥ទីតាំង និងដើម្បីភាពញញឹមរបស់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា និងដើម្បីការអភិវឌ្ឍរបស់កម្ពុជា៕

ដោយ គង់ សិរីរ័ត្ន