វិទ្យុគ័ងស៊ីរបស់ចិនគ្រោងពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗបន្តទៀតជាមួយនឹងវិទ្យុជាតិកម្ពុជា

វិទ្យុជាតិកម្ពុជា៖ លោក  ហុក សុខរិន

ភ្នំពេញ: វិទ្យុគ័ងស៊ីរបស់ចិនគ្រោងពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗបន្តទៀតជាមួយវិទ្យុជាតិកម្ពុជា ដើម្បីជំរុញការផ្លាស់ប្តូរវប្បធម៌ និងវិនិយោគពិសេសការយោគយល់គ្នារវាងប្រជាជននៃប្រទេសទំាង២កម្ពុជា-ចិន។ អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាធ្វើសេចក្តីរាយការណ៍៖
ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកយកព័ត៌មានរបស់វិទ្យុជាតិកម្ពុជាក្នុងព្រឹត្តិការណ៍ពិព័រណ៍អាស៊ាន-ចិន លើកទី១៦ នៅទីក្រុងណាននីង តំបន់ស្វយ័តគ័ងស៊ី ប្រទេសចិន លោកយ៉ាង ឈុន អគ្គនាយវិទ្យុ Bei Bu Bay នៃវិទ្យុគ័ងស៊ីបានឲ្យដឹងថាវិទ្យុគ័ងស៊ីនឹងបន្តកិច្ចសហប្រតិបត្តិការចំនួន៤ចំណុចទៀតជាមួយវិទ្យុជាតិកម្ពុជា ដោយបន្ថែមម៉ោងផ្សាយព័ត៌មាននិងវប្បធម៌ទៅវិញទៅមក។ បន្ថែមពីនេះទៀតចង់អោយវិទ្យុជាតិកម្ពុជាជួយផ្តល់បទចម្រៀងដែលពីរោះនៃប្រទេសកម្ពុជាច្រើនមកកាន់វិទ្យុគ័ងស៊ីពីព្រោះប្រជាជនចិនចូលចិត្តស្ដាប់បទចម្រៀង ហើយពួកគាត់ក៏មានគោលបំណងចង់ស្វែងយល់ពីបទចម្រៀងខ្មែរដែរ។
លោកបានបញ្ជាក់ថា គម្រោងចង់បន្ថែមម៉ោងចាក់ផ្សាយក្នុងវិទ្យុជាតិគឺដើម្បីអោយប្រជាជនខ្មែរកាន់តែយល់ពីខេត្តគ័ងស៊ីយល់ពីប្រទេសចិន ខណៈឆ្នាំ២០១៩ គឺជាឆ្នាំកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរប្រព័ន្ធផ្សព្វផ្សាយកាន់តែស៊ីជម្រៅរវាងកម្ពុជា និងចិន។
សម្លេង(ប្រទេសកម្ពុជាគឺជាប្រទេសដែលមានប្រវត្តិសាស្ត្រយូអង្វែងប្រជាជនយើងក៍ចង់ស្វែងយល់ពីប្រទេសអស្ចារ្យនេះដែរ តាមដឹងប្រទេសកម្ពុជាមានប្រវត្តិសាស្ត្រយូជាងគេតាមនៅក្នុងបណ្ដាប្រទេសអាស៊ាននឹងពិតជាអស្ចារ្យមែនទែន គឺជាប្រទេសដែលត្រូវការគោរពស្រលាញ់។គិតថាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានប្រទេសទាំងពីរយើងដើរតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយឲ្យប្រជាជនប្រទេសទាំងពីរនិងយល់ដឹងអំពីកិច្ចសហប្រតិបត្តិការនៃថ្នាក់ដឹកនាំភាគីប្រទេសទាំងពីរបានចុះហត្ថលេខា ហើយបានអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការហ្នឹង គឺថាព័ត៌មានអំពីថ្នាក់ដឹកនាំភាគីទាំងពីរបានចុះហត្ថាលេខាលើកិច្ចព្រមព្រៀងសហការគ្នាហ្នឹងគឺមានសារៈសំខាន់ចំពោះអ្នកវិនិយោគនៅប្រទេសចិនដូចនៅប្រទេសកម្ពុជាហើយអាចផ្លាស់ប្ដូរវប្បធម៌ ដូចនាំទៅឲ្យពួកគាត់ថាដើរទៅអនាគតយើងត្រូវការអភិវឌ្ឍទិសដៅខាងនេះទៅតាមផ្លូវណា ទៅតាមថាកម្មវិធីដូចថ្នាក់ដឹកនាំបានចុះហត្ថលេខា ជាពិសេសអ្នកវិនិយោគចិនពេលដែលប្រទេសទាំងពីរបានចុះហត្ថលេខាលើគម្រោងកិច្ចសហប្រតិបត្តិយ៉ាងណា ពួកគាត់និងស្រាវជ្រាវឲ្យស៊ីជម្រៅហើយពួកគាត់គិតថាយើងត្រូវការវិនិយោគនៅកម្ពុជានៅ ខាងវិស័យណា ត្រូវការវិនិយោគប៉ុន្មានឆ្នាំទាំង ថវិកាប៉ុន្មានគឺសំខាន់ណាស់ ការផ្សព្វផ្សាយព័ត៌មាននេះគឺមានឥទ្ធិពលយ៉ាងខ្លាំងចំពោះការងារនេះ)។
លោកជំទាវ ឈឹម ពៅសុកាន់ឌី អគ្គនាយិកាវិទ្យុជាតិកម្ពុជាបានស្វាគមន៍ចំពោះគម្រោងកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតរវាងវិទ្យុជាតកម្ពុជា និងវិទ្យុគ័ងស៊ីប្រទេសចិន។ លោកជំទាវអគ្គនាយិកាវិទ្យុជាតិកម្ពុជាបានចាត់ទុកគម្រោងកិច្ចសហប្រតិបត្តិការនាពេលអនាគតនេះមិនត្រឹមតែបំរើផលប្រយោជន៍ដល់ប្រជាពលរដ្ឋទាំងសងខាងកាន់តែមានការយល់គ្នាទៅវិញទៅមកប៉ុណ្ណោះទេ ថែមទាំងជួយជំរុញដល់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា ចិន អោយកាន់តែស្អិតល្មួតទ្វេដងបន្ថែមទៀត។
សូមបញ្ជាក់ថា កិច្វសហប្រតិបត្តិការលើប្រព័ន្ធផ្សព្វផ្សាយកម្ពុជា ចិន បានអនុវត្តន៍គម្រោងរួមគ្នាជាច្រើនរវាងក្រសួងព័ត៌មានកម្ពុជា ចិនដោយបានផ្តល់ផ្លែផ្កាជាប្រយោជន៍ជាច្រើនដល់ប្រទេសទាំងសងខាង។ជាក់ស្តែងការផ្លាស់ប្តូររវាងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសទាំងពីរបានផ្តល់ឥទ្ធិពលវិជ្ជមានយ៉ាងខ្លាំងលើ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិស័យវប្បធម៌ អប់រំ និងទេសចរណ៍ ៕