វៀតណាមគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ ពហុភាគីនៅក្នុងកិច្ចប្រជុំ MSEAP លើកទី ៤

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩​ — លោកស្រី Tong Thi Phong អនុប្រធានអចិន្ត្រៃយ៍សភាជាតិវៀតណាមបានអះអាងអំពីតួនាទីនៃកិច្ចសហប្រតិបត្តិការពហុភាគីនៅតំបន់អឺរ៉ាស៊ី និងនៅក្នុងពិភពលោក ក្នុងបរិបទនៃការអភិវឌ្ឍពិភពលោកយ៉ាងឆាប់រហ័ស និងស្មុគស្មាញ។

នៅក្នុងកិច្ចប្រជុំលើកទី៤ នៃវាគ្មិនមកពីសភាជាតិនៃបណ្តាប្រទេសនៅអឺរ៉ាស៊ី (MSEAP 4) ដែលបានធ្វើឡើងកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ នៅទីក្រុង Nur Sultan រដ្ឋធានីនៃប្រទេសកាហ្សាក់ស្ថាន លោកស្រី Phong បានសង្កត់ធ្ងន់ទៅលើប្រធានបទនៃកិច្ចប្រជុំគឺ «ភាពអស្ចារ្យនៃអឺរ៉ាស៊ី៖ កិច្ចសន្ទនាការជឿទុកចិត្ត ភាពជាដៃគូ» នឹងបានគូសបញ្ជាក់អំពីភាពសកម្ម និងគោលនយោបាយសមាហរណកម្មអន្តរជាតិរបស់វៀតណាម។

មន្ត្រីរូបនេះបានស្នើឱ្យបង្កើនការជឿទុកចិត្ត ការយោគយល់ និងការគោរពគ្នាទៅវិញទៅមក ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការ កិច្ចសន្ទនា និងការផ្លាស់ប្តូរបទពិសោធន៍ ក្នុងវិស័យសភាជាតិ។

លោកស្រីក៏បានដាក់ចេញនូវគំនិតក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុភាគីថ្នាក់តំបន់អន្តរតំបន់ និងសកលលោក នៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការផ្ទេរបច្ចេកវិទ្យា ព្រមទាំងបានអំពាវនាវឱ្យមានការយកចិត្តទុកដាក់ចំពោះការផ្លាស់ប្តូរវប្បធម៌នៅអាស៊ី និងអឺរ៉ុប ការកសាងវប្បធម៌នៃការសន្ទនាសន្តិភាព ការអត់អោន និងភាពសុខដុមរមនាក្នុងចំណោមប្រទេសនានា។

កិច្ចប្រជុំ MSEAP លើកទី៤ មានការចូលរួមពីគណៈប្រតិភូសភាជាតិចំនួន ៦៥រូប មកពីបណ្តាប្រទេសនៅអឺរ៉ុប និងអាស៊ី ព្រមទាំងអង្គការអន្តរជាតិ និងអន្តរសភាចំនួន ១៤រូបផងដែរ។ នៅក្នុងកិច្ចប្រជុំ MSEAP លើកទី៤ នេះ សមាជិកសភាបានពិភាក្សាអំពីវិធីនានា ដើម្បីធានានូវកិច្ចអភិវឌ្ឍន៍ប្រកបដោយសុវត្ថិភាព និងនិរន្តរភាព នៃទ្វីបអឺរ៉ាស៊ី និងការអនុវត្តគម្រោងសមាហរណកម្មសេដ្ឋកិច្ចសំខាន់ៗនៅសតវត្សរ៍ទី ២១ ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)