ប្រធានក្រុមប្រឹក្សា និងអភិបាលខេត្តព្រះវិហារ ចុះសាកសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

AKP ព្រះវិហារ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ -ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ អភិ បាលខេត្តព្រះវិហារ បានដឹកនាំមន្ត្រីរាជការ មន្ទីរ អង្គភាពជុំវិញខេត្ត ចុះសាកសួរសុខទុក្ខកងកម្លាំងតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និង កងកម្លាំងរាជអាវុធហត្ថខេត្ត ដែលកំពុងការពាររក្សាសណ្តាប់ធ្នាប់សន្តិសុខជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តនៅរសៀលថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ។

ឯកឧត្តម ប្រាក់ សុវណ្ណ បានថ្លែងការកោតសសើរដល់កម្លាំងទាំងបីប្រភេទ ដែលបានសហការគ្នាការពារបូរណភាពទឹកដី ដែលមានស្នងការដ្ឋាននគរបាលខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត និង កងរាជអាវុធហត្ថខេត្ត ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនទទួលបានលទ្ធផលល្អ លើការងារពារសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋនាពេលកន្លងមកក៏ដូចនាពេលបច្ចុប្បន្ននេះ បានធ្វើការបង្រ្កាប និង ទប់ស្កាត់បទល្មើសផ្សេងៗដូចជា ការជួញដូរនិងប្រើប្រាស់គ្រឿងញៀន ជួញដូរមនុស្ស បទល្មើសធនធានធម្មជាតិ និងជលផល និង ការការពារអធិបតេយ្យជាតិនៅតាមបណ្តោយព្រំដែនជាដើម ។

ឯកឧត្តម អភិបាលខេត្តបានបន្តថា លើសពីនេះត្រូវការពារដាច់ខាតនូវរដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត និងត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងស្ដាប់បទបញ្ជាថ្នាក់លើរបស់ខ្លួន សំដៅរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ ស្ថិរភាព សន្តិភាព និងបន្តចូលរួមអភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាល ដើម្បីប្រទេសជាតិយើងមានភាពរីកចម្រើន សម្បូរសប្បាយរុងរឿង នៅក្រោមដំបូលសន្តិភាព និង ការអភិវឌ្ឍក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ក៏បានផ្តាំផ្ញើឱ្យកងកម្លាំងទាំងបីក្នុងខេត្ត បន្តយកចិត្តទុកដាក់ អនុវត្តន៍នូវភារកិច្ចស្នូលរបស់ខ្លួន ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើស ព្រហ្មទណ្ឌ បទល្មើសធនធានធម្មជាតិ បទល្មើសគ្រឿងញៀន ល្បែងស៊ីសង ចោរកម្ម និងបទល្មើសផ្សេងៗទៀត ជាពិសេស ត្រូវពង្រឹងការថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋយើងក្នុងឱកាសភ្ជុំបិណ្ឌនេះ ៕

ដោយ ទិត ស្រ៊