ខេត្តកំពង់ឆ្នាំងប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ

AKP កំពង់ឆ្នាំង ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ -ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ដែលប្រារព្ធធ្វើឡើងនៅសាលាខេត្តកំពង់ឆ្នាំង កាលពីថ្ងៃពុធ ១២រោច ខែភត្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកយាយ លោកតា ចាស់ព្រឹទ្ធាចារ្យ សិស្សានុសិស្ស  និងប្រជាពលរដ្ឋជាច្រើននាក់។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ថា មនុស្សចាស់មានតួនាទីសំខាន់ខ្លាំងណាស់ក្នុងការកសាងគ្រួសារ សហគមន៍ ការអប់រំមនុស្សជំនាន់ក្រោយ អំពីទំនៀមទម្លាប់ប្រពៃណីជាតិ សាសនា ការអភិវឌ្ឍភូមិឃុំ ដូចជាការកសាងផ្លូវថ្នល់ មន្ទីរពេទ្យ សាលារៀន   ជីកស្រះទឹក អណ្តូងទឹក ប្រឡាយ ការដាំដើមឈើ និងការផ្សះផ្សាវិវាទក្នុងគ្រួសារជាដើម។

ឯកឧត្តមបានមានប្រសាសន៍ទៀតថា ដោយសារតែស្គាល់ច្បាស់ពីគុណបំណាច់ និងការដើរតួនាទីដ៏សំខាន់នេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា ដែល​ដឹក​នាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងបានយកចិត្តទុកដាក់ខ្ពស់ទៅលើសុខទុក្ខរបស់មនុស្សចាស់ និងតែងតែផ្តល់ក្តីអាណិតស្រឡាញ់ សណ្តោសប្រណី យកចិត្តទុកដាក់ និងគិតគូរខ្ពស់ពីសុខទុក្ខរបស់លោកយាយ លោកតា និងជនរួមជាតិទាំងអស់ ហើយថ្នាក់ដឹកនាំមិនចង់ឱ្យប្រជាពលរដ្ឋរបស់ខ្លួនណាម្នាក់ជួបភាពអត់ឃ្លាននោះឡើយ ។

ឯកឧត្តមបានបញ្ជាក់ថា គ្រួសារគឺជាកោសិការមួយរបស់សង្គម ដែលមានជីដូន ជីតា មាតា បិតា អាណាព្យាបាល កូនចៅ  ដែលពួកគាត់បានខិតខំចិញ្ចឹមបីបាច់ អប់រំកូនចៅ ដើម្បីឱ្យក្លាយជាពលរដ្ឋល្អ  ដោយរក្សាបានវប្បធម៌ ប្រពៃណីទំនៀមទម្លាប់របស់ជាតិ រួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ ពីមួយជំនាន់ទៅមួយជំនាន់ ព្រមទាំងបានបន្សល់នូវស្នាដៃ និងបទពិសោធន៍ល្អៗជាច្រើន សម្រាប់មនុស្សជាតិជំនាន់ក្រោយរៀនសូត្រ និងអនុវត្តន៍តាម។ ទាំងអស់នេះបានបង្ហាញថា មនុស្សចាស់ គឺជាប្រភពធនធានដ៏មានសារៈប្រយោជន៍សំខាន់ណាស់ សម្រាប់ការអភិវឌ្ឍ និងការកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោលនយោ បាយជាតិរបស់រាជរដ្ឋភិបាលកម្ពុជា ។

ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា ការប្រារព្ធទិវានេះ គឺជាការរួមចំណែកផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីតួនាទីដ៏សំខាន់របស់មនុស្សចាស់ដែលបានខិតខំប្រឹងប្រែង ចិញ្ចឹម បីបាច់ថែរក្សា អប់រំ ទូន្មានប្រៀនប្រដៅកូនចៅឱ្យក្លាយជាពលរដ្ឋល្អ កូនចៅល្អ ធនធានមនុស្សប្រកបដោយសមត្ថភាព ដែលជាកម្លាំងចលករមិនអាចខ្វះបាន និងត្រូវខិតខំថែទាំសុខភាពឱ្យមាំមួន ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានភាពរីកចម្រើនលើគ្រប់វិស័យ ។

លោក​ ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ច ខេត្តកំពង់ឆ្នាំង បានអានសារលិខិតលេខ០១៨ចុះថៃ្ងទី០២ ខែកញ្ញា ឆ្នាំ២០១៦ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជាក្នុ ងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិថៃ្ងទី០១ ខែតុលា ឆ្នាំ២០១៦។ រយៈពេលកន្លងមកប្រទេសកម្ពុជាយើងបានបង្កើតច្បាប់ និងបញ្ញាត្តិជាច្រើនផ្តោតលើសុខុមាលភាពគ្រួសារ ដូចជា ក្រមរដ្ឋប្បវេណី ច្បាប់ពន្លូតកូន ច្បាប់ស្មុំកូនច្បាប់ទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ  គោលនយោបាយស្តីពីការពន្យាកំណើត  ច្បាប់ប្រឆាំងការជួញដូរមនុស្ស ។ល។

នៅក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង និងក្រុមកាងារ ក៏បានចែកអំណោយលើកទឹកចិត្តដល់មនុស្សចាស់ ដែលបានចូលរួម ចំនួន ៤៦៥នាក់ ដោយក្នុងម្នាក់ៗទួលបានឃីតមួយកញ្ចប់  អាវយឺត១ កន្សែងពោះគោ១ សារុង១ ច្រាសនិងថ្នាំដុសធ្មេញ១សម្រាប់ផងដែរ៕

ដោយ បៃ ស៊ីថុន