លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមសូត្រមន្តឆ្លងវេនកាន់បិណ្ឌទី១២ នៅវត្តមុនីសុវណ្ណ ហៅ វត្តចំពុះក្អែក

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ — លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី និងពុទ្ធបរិស័ទជាច្រើននាក់ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តឆ្លងវេនកាន់បិណ្ឌទី១២ នៅវត្តមុនីសុវណ្ណ ហៅ វត្តចំពុះក្អែក ដែលស្ថិតនៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ។

ក្នុងពិធីនោះផងដែរលោកជំទាវក៏បានបូជាទៀនធូប ផា្កភ្ញី ចំពោះព្រះរតនត្រ័យ សមាទានសិល ធ្វើកិច្ចនមស្ការ បង្សុកូល ព្រមទាំងនាំយកនូវបច្ច័យ ទេយ្យទាន គ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ផ្លែឈើ បាយសំឡ នំចំណី ជាច្រើនមុខទៅវេរប្រគេនព្រះសង្ឃ និងរាប់បាត្រ ដើម្បីឧទ្ទិសនូវផល្លាអានិសង្ស ជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន មានមាតា បិតា ជីដូនជីតា ញាតិការទាំង៧សណ្ដាន ក៏ដូចជាឧទ្ទិសដល់ដួងវិញាណក្ខន្ធឥស្សរជន វីរជន យុទ្ធជន ដែលបានលះ បង់ជីវិត ដើម្បីបុព្វហេតុជាតិ និងប្រជាជន ពីរបបអាណានិគមមុនៗ និងរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាពិសេសជាងនេះទៅទៀត គឺប្រជាជនស្លូតត្រង់ ដែលទទួលទុក្ខទារុណ កម្មយ៉ាងព្រៃផ្សៃ និងស្លាប់យ៉ាងអយុត្តិធម៌ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដោយសូមឱ្យដួងវិញ្ញាណក្ខន្ធអ្នកទាំងអស់ឱ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានបួងសួងថ្វាយព្រះពរជ័យ ថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និង ជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឱ្យជួបតែសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូត ៕

ដោយសួស សំរិត