ខណ្ឌជលផលស្ទឹងត្រែងរៀបចំសហគមន៍នេសាទជាបណ្តាញការពារពូជត្រីសំខាន់ៗ ឱ្យនៅគង់វង្ស

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង

M.C៖ ខណ្ឌជលផលស្ទឹងត្រែងរៀនចំចងក្រងបណ្តាញសហគមន៍នេសាទ ៣២សហគមន៍ឱ្យធ្វើការងាររួមគ្នា ដើម្បីបង្កើនមធ្យោបាយការពារ និងអភិរក្សធនធានមច្ចជាតិ ឲ្យមានប្រសិទ្ធភាព នៅឆ្នាំ២០១៩នេះ។
ក្នុងសិក្ខាសាលាដំណើរការរៀនចំបណ្តាញគ្រប់គ្រងធនធានជលផលនៅខេត្តស្ទឹងត្រែងថ្ងៃទី២៥កញ្ញានៅសណ្ឋាគារអង្គរមាស លោកទំ នីរ៉ូ នាយខណ្ឌជលផលស្ទឹងត្រែង បានបញ្ជាក់ថា៖មន្ត្រី សហគមន៍នេសាទនិងសមត្ថកិច្ចពាក់ពន្ធ័ត្រូវបង្កើនការងារចុះល្បាតឲ្យបានញឹកញាប់បន្ទាប់ពីយើងបានចងក្រងគ្នាជាបណ្តាញហើយនោះ ជាងនេះទៀតត្រូវបង្កើនល្បឿនការផ្តល់ព័ត៌មានឱ្យគ្នាទៅវិញទៅមកឱ្យបានឆាប់និងដោយសម្ងាត់។លោកបន្ថែមថា៖កិច្ចការងារអភិរក្សនិងសកម្មភាពល្បាតនេះពិតមែនតែមានបញ្ហាប្រឈមច្រើនមែនតែបើសមាជិតសហគមន៍មិនធ្វើកិច្ចការងារទាំងនោះទេ វានិងបង្កឱ្យបាត់បង់មច្ចជាតិរបស់យើងទាំងអស់គ្នា។
(សម្លេង)ក៏ប៉ុន្តែយើងពិតជាមិនអាចបោះបង់ការងារបឹងចោល ទេ ត្រូវតែរួមគ្នាធ្វើព្រោះអត់មានជម្រើសទេ អញ្ចឹងយើងត្រូវរួមគ្នាធ្វើទាំងការអប់រំ ទាំងការណែនាំទាំងការអនុវត្តច្បាប់ ធ្វើឲ្យស្ថានភាពរបស់យើងកាន់តែប្រសើរឡើង។
លោកសាខូយ ប្រធានសហគមន៏នេសាទភូមិកំពុងក្បឿងឃុំបឹងចារស្រុកសំបូរខេត្តក្រចេះ បានបញ្ជាក់ថា៖ការងារចុះល្បាតសហគមន៍បានធ្វើជាប្រចាំហើយ គ្រាន់តែមធ្យោបាយចុះប្រតិបត្តិការនៅមិនទាន់ឆ្លើយតបដោយសារតែយើងមានទូកតូច ម៉ាស៊ីន កំលាំងខ្សោយដេញជនសង្ស័យនោះមិនទាន់់។លោកបញ្ជាក់ថា៖ក្រោយពីយើងចងក្រងជាបណ្តាញហើយទាំងសមាជិកទាំងប្រធានសហគមន៍ដែលមានដែននេសាទនៅជិតគ្នាត្រូវតែបង្កើនភាពស្មោះត្រង់ជាមួយគ្នា ដើម្បីបង្រ្កាបបទល្មើស។
លោកអ៊ុសារឿនប្រធានសហគមន៍នេសាទភូមិអូររុនឃុំអូរស្វាយស្រុមបុរូអូរស្វាយសែនជ័យខេត្តស្ទឹងត្រែងបានគាំទ្រចំពោះយុទ្ធសាស្ត្រនេះព្រោះការងារសកម្មការចុះល្បាតអាចធ្វើឲ្យបទល្មើសថយចុះហើយមច្ឆជាតិក៍ថែរក្សាបានមិនបាត់បង់។លោកបន្ថែមថា៖មន្ត្រីសហគមន៍តែងបានសហការល្អជាមួយអាជ្ញាធរមូលដ្ឋានបន្តការផ្សព្វផ្សាយច្បាប់ជលផលផងនឹងបានជួយបង្កើតមុខរបរជូនប្រជាពលរដ្ឋ ដែលធ្លាប់តែពឹងផ្អែកលើធនធានជលផល ឲ្យងាកទៅដាំបន្លែបង្កានឹងដាំណាំកសិកម្មជំនួសវិញ។
សូមបញ្ជាក់ថា ៖នៅទន្លេការគង្គលើក្រចេះស្ទឹងត្រែងមានពូជត្រីសំខាន់រស់នៅ រួមមាន៖ ត្រីប៉ាសេអ៊ី -ប៉ាវ៉ាមុខ១- ប៉ាវ៉ាមុខ២ -ត្រីក្រាយ- ត្រីក្រាយក្របី -ត្រីត្រម៉ម -ត្រីត្រជៀកដំរី- ត្រីនាគ -ត្រីបោះត្រា-ត្រីស្រោមដាវ -ត្រីក្លាំងហាយ-ត្រីខ្លា-ត្រីរមាស-ត្រីអំបូង-ត្រីខ្សា-ត្រីស្ទក់- ត្រីត្រសក់-ត្រីបបែលយក្ស-នឹងត្រីផ្សោត ។ល។ ដែលធ្លាប់ សំបូរបែប បច្ចុប្បន្នកំពុងប្រឈមទៅនឹងការផុតពូជ៕