ប្រជាពលរដ្ឋចំនួន១៧៧គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់នៅស្រុកកោះសូទិន ទទួលអំណោយពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន

វិទ្យុជាតិកម្ពុជា ៖ អ៊ឺម ភិរក្សនារីរតនៈ

កំពង់ចាម ៖ ប្រជាពលរដ្ឋចំនួន១៧៧គ្រួសារនៅស្រុកកោះសូទិនខេត្តកំពង់ចាមទទួលអំណោយពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសាទឹកជំនន់។

ក្នុងពិធីជួបសំណេះសំណាល និងផ្តល់អំណោយដល់ប្រជាពលរដ្ឋនៅរសៀលថ្ងៃទី២៥ ខែកញ្ញានេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់និងគិតគូរពីសុខទុករបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលានៅពេលដែលជួបទុកលំបាកផ្សេងៗ ។ ជាក់ស្តែង ប្រជាពលរដ្ឋដែលកំពុងទទួលរងគ្រោះដោយសារទឹកជំនន់នាពេលនេះ ទោះបីជាអំណោយដែលចែកជូនបងប្អូនប្រជាពលរដ្ឋនេះ មានតិចតួចក៏ដោយ ប៉ុន្តែក៏បានចូលរួមចំណែកជួយបំពេញសេចក្ដីត្រូវការរបស់បងប្អូនបានមួយកំរិតផងដែរ ។

ប៉ុន្តែអ្វីដែលសំខាន់នោះគឺឯកឧត្តមរដ្ឋមន្ត្រីអំពាវនាវឲ្យប្រជាពលរដ្ឋពេលទៅកាន់ផ្ទះសំបែងវិញត្រូវគិតពីសុខភាពអោយបានល្អប្រសើរ ។
សំលេង ៖ ជាការពិតហើយទឹកជំនន់វាចំណេញម្យ៉ាងវាខាតម្យ៉ាង តែសំខាន់ដែរឯកឧត្តមអភិបាលខេត្តលើកម៉េចហ្នឹងគឺពេលត្រឡប់ទៅវិញ ទី១ គឺពិនិត្យនៅផ្ទះរបស់យើងចៀសវាងក្រែងលោកមានសត្វអសិរពិសវាទីសំងំនៅ ទី២ គឺសុខភាពកុំប្រហែសនៅពេលដែលមានទឹកឡើងវាអាចមានជំងឺរាតត្បាតមានការប្រើទឹកមិនបានល្អសូមមេត្តាថែរក្សាអនាម័យ ជាពិសេសក្មេងៗឆាប់ទទួលរងគ្រោះជាងគេអំពីបញ្ហាអនាម័យនេះ ហើយដូចនេះដែលសូមថ្លែងអំណរគុណដល់ប្បុរសជនទាំងអស់ដែលបានជួយផ្គត់ផ្គង់ដល់តម្រូវការរបស់អាជ្ញាធរក្នុងការផ្គត់ផ្គង់ដល់អ្នករងគ្រោះក៏ដូចអ្នកមានបញ្ហាប៉ះពាល់ដោយសារទឹកជំនន់នេះ ។
សូមបញ្ជាក់ថា អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋចំនួន១៧៧គ្រួសារ មកពីឃុំ ពង្រ១៦២គ្រួសារ ឃុំល្វា១២គ្រួសារ និងឃុំមហាលាភ៣គ្រួសារ ម្នាក់ៗទទួលបានអង្គ២០គីឡួក្រាម មីមួយកេស និងត្រីខមួយយួរ ៕