រាជរដ្ឋាភិបាលអំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នពីគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

វិទ្យុជាតិកម្ពុជា៖

ភ្នំពេញ៖ រាជរដ្ឋាភិបាលអំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នពីគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលអាចនឹងកើនឡើងខ្ពស់ដោយសារកត្តាយានយន្ត និងការធ្វេសប្រហែសរបស់អ្នកបើកបរ។

សេចក្តីអំពាវនាវរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅថ្ងៃទី២៥ ខែកញ្ញា បានលើកឡើងថា ស្ថានភាពនៃគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា តែងតែកើតមានក្នុងអត្រាខ្ពស់នៅក្នុងឱកាសបុណ្យប្រពៃណីជាតិធំៗដូចជាបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ ជាដើម។
ឱកាសដ៏សែនសប្បាយរីករាយនេះ យានយន្តធ្វើចរាចរណ៍នឹងមានកំណើនកើនឡើងខ្ពស់ខុសប្រក្រតី ដែលអាចមានកំណើនគ្រោះថ្នាក់ចរាចរណ៍ ឬ ការកកស្ទះចរាចរណ៍ដូចក្នុងពិធីបុណ្យនានាកន្លងទៅ ដោសារអ្នកប្រើប្រាស់ផ្លូវមានការធ្វេសប្រហែស និងមិនយកចិត្តទុកដាក់ក្នុងការបើកបរ ។ ដូច្នេះអ្នកប្រើប្រាស់ផ្លូវទាំងអស់ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីឈានទៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិតទាប និងទប់ស្កាត់ការបាត់បង់អាយុជីវិតរបស់ប្រជាពរដ្ឋដែលបង្កឡើងដោយកត្តាហានិភ័យនេះ ដោយមុននឹងបើកបរត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច ពិសេសត្រួតពិនិត្យកង់ ចង្កូត ហ្វ្រាំង ភ្លើងបំភ្លឺ ជាដើម។ ជាមួយគ្នានេះ ក៏កុំផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់។ ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្ត។ ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមរថយន្ត។ ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច ។ មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត ។ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដាច់ខាត។ មិនត្រូវបត់ ឬ វ៉ាជែង ក្នុងភាពប្រថុយប្រថាន ឬធ្វេសប្រហែស ។មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត និងត្រូវមានអ្នកបើកបរបម្រុងសម្រាប់ប្តូរវេន។ ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌យោគយល់អធ្យាស្រ័យ។ ហាមការបាច់ទឹកលើអ្នកធ្វើដំណើរតាមដងផ្លូវ៕