លោក Trump មានប្រសាសន៍ថា ប្រទេសកូរ៉េខាងជើងត្រូវតែ លុបបំបាត់ អាវុធនុយក្លេអ៊ែរដើម្បីទាញយកសក្តានុពល

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ — ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសកូរ៉េខាងជើងត្រូវតែដកអាវុធនុយក្លេអ៊ែរ ដើម្បីទាញសក្តានុពលសេដ្ឋកិច្ចដ៏ខ្លាំងរបស់​ខ្លួន។

នៅក្នុងសុន្ទរកថាមួយ ដែលថ្លែងទៅកាន់មហាសន្និបាត អ.ស.ប នៅទីក្រុងញូវយ៉ក លោក Trump បាននិយាយថា លោកបានថ្លែងសារនេះទៅកាន់មេដឹកនាំកូរ៉េខាងជើង​លោក ​គីម ជុង-អ៊ុន។

សុន្ទរកថារបស់លោកបានធ្វើឡើងនៅពេលដែលសហរដ្ឋអាមេរិក និងកូរ៉េខាងជើង​ត្រូវ​បានគេរំពឹងថា នឹងបន្តការចរចានុយក្លេអ៊ែរកម្រិតការងារនៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។

លោក Trump បាននិយាយថា ខ្ញុំបានប្រាប់លោក គីម ជុង-អ៊ុន នូវអ្វីដែលខ្ញុំជឿជាក់ដូចជានៅប្រទេសអ៊ីរ៉ង់ ដោយប្រទេសរបស់លោក គឺពោរពេញទៅដោយសក្តានុពលដ៏ធំធេង ​និងមិនទាន់បានអនុវត្តន៍នៅឡើយ។

លោក Trump និងលោក គីម មានកិច្ចប្រជុំចំនួនបីលើក ចាប់តាំងពីខែមិថុនា ឆ្នាំ២០១៨ ដើម្បីចរចាគ្នាពីការរុះរើកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ធ្វើជាថ្នូរនឹងការផ្តល់​សម្បទាន​​សេដ្ឋកិច្ច និងនយោ បាយរបស់សហរដ្ឋអាមេរិក។

កាលពីថ្ងៃចន្ទ លោក Trump បាននិយាយថា ការប្រជុំមួយផ្សេងទៀត អាចនឹងកើត​ឡើងឆាប់ៗ បើទោះបីទំនងជាមានវឌ្ឍនភាពនៅក្នុងកិច្ចចរចាថ្នាក់ការងារក៏ដោយ។

ភាគីទាំងពីរ បានឃ្លាតឆ្ងាយមួយផ្នែក ដែលកូរ៉េខាងជើងគួរតែបង្អាក់​មុនពេលទទួល​ការ​បន្ធូរបន្ថយទណ្ឌកម្ម និងការធានាសន្តិសុខពីសហរដ្ឋអាមេរិក។

កិច្ចប្រជុំកំពូល Trump-Kim លើកទី២ នៅប្រទេសវៀតណាមកាលពីខែកុម្ភៈ​ បានបញ្ចប់​ដោយគ្មានកិច្ចព្រមព្រៀង បន្ទាប់ពីភាគីទាំងពីរបានបរាជ័យក្នុងការផ្សារភ្ជាប់គម្លាតនោះ។

នៅក្នុងកិច្ចប្រជុំលើកទី៣ នៅឯព្រំដែនអន្តរកូរ៉េកាលពីខែមិថុនា លោក Trump និង​លោក គីម បានយល់ព្រមបន្តកិច្ចចរចាកម្រិតការងារ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀតនេះ ប៉ុន្តែកិច្ចពិភាក្សាគ្នានោះនៅមិនទាន់បានលេចចេញជារូបរាងនៅឡើយទេ៕

(ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល)