អាស៊ានប្តេជ្ញាចូលរួមកិច្ចខិតខំប្រឹងប្រែងជាសកលលោក ក្នុងការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩​ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់ អូ-ចា ក្នុងឋានៈជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងឆ្នាំ ២០១៩ នេះ បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការធ្វើជាដៃគូជាមួយសហគមន៍អន្តរជាតិដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។

លោកបានអះអាងដូច្នេះ នៅពេលលោកថ្លែងទៅកាន់កិច្ចប្រជុំកំពូល ស្តីពីសកម្មភាពអាកាសធាតុឆ្នាំ ២០១៩ របស់អង្គការសហប្រជាជាតិ (UN) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០១៩ កន្លងទៅនេះ។

លោក ប្រាយុទ្ធ បាននិយាយថា បណ្តាប្រទេសជាសមាជិកអាស៊ានងាយរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ ហើយផលប៉ះពាល់របស់វាបានគំរាមកំហែងដល់កិច្ចអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចក្នុងតំបន់។

អាស៊ានបាននឹងកំពុងអនុវត្តន៍នូវវិធានការណ៍នានា ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ខណៈដែលប្រទេសជាសមាជិករបស់ខ្លួនក៏កំពុងចាត់វិធានការដើម្បីសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុផងដែរ។

នៅកម្រិតពិភពលោក អាស៊ានគាំទ្រកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ខណៈដែលនៅក្នុងកម្រិតថ្នាក់តំបន់ ប្រទេសជាសមាជិកកំពុងអនុវត្តន៍នូវវិធានការណ៍នានា ក្រោមផែនការមេសង្គម និងវប្បធម៌អាស៊ាន ឆ្នាំ ២០២៥ ដើម្បីកសាងសហគមន៍ប្រកបដោយនិរន្តរភាពដែលធន់នឹងការ ប្រែប្រួលអាកាសធាតុ។

លោកបាននិយាយថា ផែនការមេអាស៊ានមានគោលដៅពីរ គឺការផ្លាស់ប្តូរថាមពល និងការកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈ។ លោកបាននិយាយបន្ថែមថា តំបន់នេះបានកាត់បន្ថយអាំងតង់ស៊ីតេថាមពលមកនៅត្រឹម ២១,៩ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ ២០០៥។

លោក ប្រាយុទ្ធ បាននិយាយថា បណ្តាប្រទេសនៅអាស៊ាននឹងបន្តសន្សំសំចៃថាមពល នឹងខិតខំដើម្បីឈានដល់ការកាត់បន្ថយឱ្យបាន៣០ភាគរយ នៃអាំងតង់ស៊ីតេថាមពល នឹងបង្កើនសមាសធាតុផ្សំថាមពលកកើតឡើងវិញ ឱ្យបាន ២៣ភាគរយ ត្រឹមឆ្នាំ ២០២៥ ខាងមុខនេះ។

លោកបានប្រាប់អង្គប្រជុំថា សមាគមនេះក៏កំពុងធ្វើការកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈដោយរថយន្តធុនតូចបានចំនួន ២៦ភាគរយ នៅចន្លោះឆ្នាំ ២០១៥ និងឆ្នាំ ២០២៥ ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)