សង្គមស៊ីវិលចង់ឲ្យរាជរដ្ឋាភិបាលហាមឃាត់ការផ្សព្វផ្សាយលក់គ្រឿងស្រវឹងនៅថ្ងៃបុណ្យភ្ជុំបិណ្ឌនេះ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ៖ វ៉ាង ភក្តី

ភ្នំពេញ: សង្គមស៊ីវិលចង់ឲ្យរាជរដ្ឋាភិបាលហាមឃាត់ការផ្សព្វផ្សាយលក់គ្រឿងស្រវឹង ក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ ក៏ដូចជាក្នុងពិធីបុណ្យប្រពៃណីជាតិខ្មែរផ្សេងៗទៀត សំដៅចូលរួមមួយផ្នែកនៃការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកពីការសេពគ្រឿងស្រវឹង។

លោក គឹម បញ្ញា នាយកប្រតិបត្តិអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា មានប្រសាសន៍ថា ការហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅតាមកញ្ចក់ទូរទស្សន៍ វិទ្យុ កាសែត គេហទំព័រលើអនឡាញ ជាដើមនេះ គឺវិធានការចាំបាច់សម្រាប់បង្ការ និងកាត់បន្ថយគ្រោះថ្នាកចរាចរណ៍ក្នុងអំឡុងពិធីបុណ្យធំៗនេះ។
ថ្លែងប្រាប់ឲ្យដឹងកាលពីថ្ងៃទី២៤ ខែកញ្ញា លោក គឹម បញ្ញា បានបញ្ជាក់ថា រាជរដ្ឋាភិបាលគួរ ហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ដែលកំពុងប្រតិបត្តិការនៅកម្ពុជា ផ្អាកការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅពិធីបុណ្យភ្ជុំបិណ្ឌ ក៏ដូចជាក្នុងពិធីបុណ្យប្រពៃណីជាតិ ដូចដែលបានអនុវត្តរួចទៅហើយ សម្រាប់ថ្ងៃបុណ្យវិសាខបូជា និងមាឃបូជា។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏បានជំហរមិនគាំទ្រចំពោះការផ្សាយពាណិជ្ជកម្មស្រាបៀរ និងគ្រឿងស្រវឹង ប៉ុន្តែឯកឧត្តមមានប្រសាសន៍ថា ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅលើប្រព័ន្ធផ្សព្វផ្សាយ មិនមែនជាកត្តាដែលជំរុញឲ្យមនុស្សចូល រួមផឹកគ្រឿងស្រវឹងទាំងអស់នោះទេ។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាថា គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាក្នុងពេលបច្ចុប្បន្ន ដែលបង្កឡើងដោយការបើកបរក្រោមឥទ្ធិពលស្រវឹង គឺមានតែចំនួន៥ភាគរយប៉ុណ្ណោះ ខណៈគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួសធ្ងន់ធ្ងរ បង្កឡើងដោយការបើកបរហួសល្បឿនកំណត់មានរហូតដល់៣៧ភាគរយ ការបើកបរមិនគោរពសិទ្ធិអាទិភាពនៅលើដងផ្លូវមាន១៩ភាគរយ និងការជែងក្នុងស្ថានភាពគ្រោះថ្នាក់១១ភាគរយ ការមិនប្រកាន់ស្តាំ១៣ភាគរយ ការបត់មិនប្រុងប្រយ័ត្ន១០ភាគរយ លក្ខណៈបច្ចេកទេសយានយន្ត៣,៥ភាគរយ ងងុយ២ភាគរយ និងមកពីកត្តាផ្លូវថ្លល់៕